ព័ត៌មានជាតិ

អ្នកអភិរក្សព្រួយបារម្ភខ្លាំងពីការគំរាមកំហែងជីវិតសត្វព្រៃក្នុងតំបន់រមណីយដ្ឋានអង្គរ

ដោយ៖រតនា

អ្នកជំនាញផ្នែកអភិរក្សសត្វព្រៃអន្តរជាតិ បានឱ្យដឹងថាបច្ចុប្បន្ននេះ ការដាក់អន្ទាក់ដើម្បីចាប់យកនិងសម្លាប់សត្វព្រៃដោយខុសច្បាប់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ កំពុងកើតមានគួរឱ្យព្រួយបារម្ភ។

អ្នកជំនាញអភិរក្សសត្វព្រៃអន្តរជាតិ របស់អង្គរWild life Alliance លោក Nick Mark មានប្រសាសន៍ថាជាច្រើនឆ្នាំមកនេះ អង្គការអភិរក្សសត្វព្រៃអន្តរជាតិ ដែលសហការជាមួយរដ្ឋបាលព្រៃឈើនិងអាជ្ញាធរជាតិអប្សរា បានដោះលែងសត្វព្រៃជាច្រើនប្រភេទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ សត្វព្រៃទាំងនោះ មានដូចជាសត្វទោច ស្វាព្រាហ្មណ៍ ឈ្លូស សំពោច ឆ្មាដាវ សត្វកេងកង ក្ងោកនិងសត្វភេ ព្វាំងនិងឆ្កែព្រៃ ដែលបច្ចុប្បន្នបានកើនឡើងចំនួន៧៥ក្បាល។ ក៏ប៉ុន្តែកាលពីដើមខែមិថុនាកន្លងមក សត្វភេដែលបានដោះលែង នៅក្នុងព្រៃតំបន់អង្គរនោះ បានជាប់អន្ទាក់ងាប់។

លោក Nick Mark ឱ្យដឹងថាបច្ចុប្បន្ននេះ នៅក្នុងព្រៃតំបន់អង្គរ ក៏មានជនខិលខូច លបលួចដាក់អន្ទាក់ចាប់យកសត្វព្រៃដែលកំពុងតែមានអ្នកថែរក្សានោះ យកទៅធ្វើម្ហូបនិងលក់ដូរដោយខុសច្បាប់ដែរ។អ្នកជំនាញអភរិក្សសត្វព្រៃអន្តរជាតិរូបនេះ សំដែងការព្រួយបារម្ភជាខ្លាំង ចំពោះការបាត់បង់សត្វព្រៃនៅកម្ពុជា ហើយចង់ស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ជួយចាត់វិធានការបន្ទាន់ ក្នុងការធ្វើច្បាប់ប្រឆាំងនិងការសម្លាប់សត្វព្រៃ៕