អន្តរជាតិ

អាល្លឺម៉ង់ថាគ្មានលទ្ធភាពផ្លាស់ប្តូររថក្រោះខ្លារខិននៅអ៊ុយក្រែនទេ

ដោយ៖តុលា

អាល្លឺម៉ង់និយាយថា គ្មានលទ្ធភាពដូរផ្លាស់ ឬបរិច្ចាគបន្ថែមនូវរថក្រោះខ្លារខិន Leopard ទំនើបនៅអ៊ុយក្រែនទេ ខណៈដែលរុស្ស៊ីបានអះអាងថាបានបំផ្លាញអស់មួយចំនួននៅសប្តាហ៍នេះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានប្រាប់ទូរទស្សន៍ RTL ក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីល្ងាចថ្ងៃចន្ទ ទី១២ ខែមិថុនាថា៖ “យើងនឹងមិនអាចជំនួសរថក្រោះទំនើបទាំងអស់ដែលលែងដំណើរការបាននៅអ៊ុយក្រែនបាននោះទេ”។ ការខូចខាតគ្រឿងចក្រទាំងនេះ ទំនងជានឹងត្រូវការកញ្ចប់ថវិកាធំ។ Pistorius បាននិយាយថា ទីក្រុងប៊ែឡាំងនឹងបន្តផ្គត់ផ្គង់រថក្រោះបានតែរថក្រោះ Leopard 1 ដែលមិនសូវជឿនលឿនប៉ុណ្ណោះ។ ដោយកត់សម្គាល់ថា “យើងនឹងបន្ត    ផ្តល់រថក្រោះ Leopard 1 A5 បន្ថែមទៀតដែលត្រូវបានជួសជុលចាប់ពីខែកក្កដាតទៅ។ ហើយ​នៅ​ដំណាច់​ឆ្នាំ​នឹង​មាន​ដល់​ទៅ​ជាង ១០០គ្រឿង”។

Pistorius បានបដិសេធមិនបញ្ជាក់ពីភាពត្រឹមត្រូវនៃរូបភាពដែលកំពុងសាយភាយលើអ៊ីនធឺណិត ដែលថារុស្ស៊ីបានបំផ្លាញរថក្រោះរបស់ខ្លួនអស់ជាច្រើនគ្រឿងនៅអ៊ុយក្រែន ប៉ុន្តែបាននិយាយថា “ជាអកុសលវាជាធម្មជាតិនៃសង្រ្គាម គ្មានអាវុធណាអមតៈ មិនត្រូវបានបំផ្លាញនោះទេ ដូចជាមនុស្សត្រូវបានសម្លាប់”។

ការអត្ថាធិប្បាយនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិរបស់រុស្ស៊ីបានចេញផ្សាយវីដេអូដែលបង្ហាញពីរថក្រោះ Leopard ផលិតដោយប្រទេសអាល្លឺម៉ង់ចំនួនពីរគ្រឿង និងរថយន្តប្រយុទ្ធ Bradley ផលិតដោយសហរដ្ឋអាម៉េរិកចំនួនពីរគ្រឿង ត្រូវបានចាប់ដោយកងកម្លាំងរុស្ស៊ីក្នុងការប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន៕

ប្រភព៖CNBC