អន្តរជាតិ

អាម៉េរិកមិនដកដៃទេអនុម័តកញ្ចប់អាវុធថ្មីដល់អ៊ុយក្រែនតម្លៃ៣២៥លានដុល្លារ

ដោយ៖តុលា

រដ្ឋបាលសេតវិមានអាម៉េរិក ចូបៃដិន បានអនុម័តកញ្ចប់អាវុធថ្មីចំនួន ៣២៥លានដុល្លារដល់អ៊ុយក្រែន ខណៈក្លាយជាជំនួយលើកទី៤០ហើយ​ចាប់តាំងពីសង្រ្គាមឈ្លានពាន   រុស្ស៊ីថ្ងៃដំបូង។

នេះដោយយោងតាមសេចក្តីប្រកាសរបស់រដ្ឋលេខាធិការអាម៉េរិក Antony Blinken កាលពីថ្ងៃអង្គារ ទី ១៣ ខែមិថុនា ​ឆ្នាំ២០២៣។ Blinken បានសរសេរថា៖ “កញ្ចប់ជំនួយសន្តិសុខនេះនឹងរួមបញ្ចូលទាំងសមត្ថភាពការពារដែនអាកាសដ៏សំខាន់, អាវុធបន្ថែមសម្រាប់ប្រព័ន្ធរ៉ុក្កែតចល័តខ្ពស់, កាំភ្លើងធំ, អាវុធប្រឆាំងរថក្រោះ, រថពាសដែក និងឧបករណ៍ផ្សេងទៀតដែលចាំបាច់ក្នុងការពង្រឹងកងកម្លាំងអ៊ុយក្រែននៅលើសមរភូមិ” ។

នៅក្នុងការចេញផ្សាយដាច់ដោយឡែកមួយ មន្ទីរបញ្ចកោណដែលទទួលខុសត្រូវខាងភ័ស្តុភារបានរៀបរាប់លម្អិតអំពីការគាំទ្រថ្មីនេះថា៖ ជំនួយនឹងបន្ថែមនូវគ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីលលើផ្ទៃដីទៅអាកាសកម្រិតខ្ពស់ជាតិ ឬ NASAMS រំសេវសម្រាប់ប្រព័ន្ធប្រឆាំងយន្តហោះ Stinger , គ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ ឬ HIMARS កាំភ្លើងធំ ១៥៥ និង ១០៥ មិលី្លម៉ែត្រ។

បន្ថែមរថយន្តប្រយុទ្ធថ្មើរជើង Bradley ១៥គ្រឿង, រថពាសដែក Stryker ចំនួន ១០ គ្រឿង, ប្រព័ន្ធប្រឆាំងនឹងពាសដែក Javelin, កាំជ្រួច​តាមដាន​ដោយ​អុបទិក ខ្សែ​ណែនាំ ឬ ហៅថាមីស៊ីល TOW, ប្រព័ន្ធប្រឆាំងពាសដែក AT-4 គ្រាប់រំសេវ និងគ្រាប់បែកដៃសរុបជាង ២២លានគ្រាប់, គ្រាប់​បែក​សម្រាប់​ការ​បោស​សម្អាត​ឧបសគ្គ និងឧបករណ៍គាំទ្រទំនាក់ទំនងសុវត្ថិភាពយុទ្ធសាស្ត្រ។

ជំនួយលើកទី៤០នេះ បានធ្វើឲ្យទំហំជំនួយរួមកើនឡើងលើសពី ៧៥ពាន់លានដុល្លារ ខណៈផ្នែកជំនួយយោធាកើនឡើងជិត ៥០ពាន់លានដុល្លារ។ ការផ្តល់ជូនចុងក្រោយកើតឡើងចំពេលដែលមានដំណឹងឡើងកម្តៅខ្លាំងនៅសមរភូមិភាគខាងកើត និងខាងត្បូងប្រទេសអ៊ុយក្រែន។ មានដំណឹងពីការប្រយុទ្ធគ្នាខ្លាំងដើម្បីរំដោះទឹកដី ដោយអ៊ុយក្រែនបានអះអាងវាយរំដោះបានផ្នែកជាច្រើននៃខេត្តដូណេត៕

ប្រភព៖CNBC