អន្តរជាតិ

ស្រ្តីជាម្តាយម្នាក់ជាប់គុក១ឆ្នាំក្រោយធ្វេសប្រហែសក្នុងការមើលថែកូន

ស្រ្តីម្នាក់នៅរដ្ឋ Indiana ត្រូវជាប់គុកមួយឆ្នាំ បន្ទាប់ពីគេប្រទះឃើញគាត់ជិះកង់ឌុបកូនភ្លោះអាយុពីរខែ នៅក្រោមកម្តៅថ្ងៃរហូតមានស្នាមជាំពេញខ្លួន និងយំត្រហឹងតាមផ្លូវ។

ស្រ្តីជាម្តាយរបស់កូនភ្លោះនៅរដ្ឋ Indiana ត្រូវបានជាប់ឃុំឃាំងពីបទធ្វេសប្រហែស ដោយដាក់កូនភ្លោះរបស់គាត់ទាំងពីរ ដែលមានអាយុ ២ខែទៅក្នុងកន្រ្តកនៅពីមុខកង់របស់គាត់ ធ្វើឲ្យក្មេងយំយ៉ាងខ្លាំង ខណៈដែលលោកស្រ្តីកំពុងជិះកង់ឆ្លងកាត់ទីក្រុង Indianapolis។ ស្ត្រីឈ្មោះ Blossum Kirby អាយុ ៣៦ឆ្នាំ ត្រូវជាប់នៅក្នុងមន្ទីរឃុំឃាំងចំនួន ១ឆ្នាំ បន្ទាប់ពីគាត់ត្រូវបានតុលាការកាត់ទោស ពីបទធ្វេសប្រហែសលើការបីបាច់ថែរក្សាក្មេង ដែលស្ថិតនៅក្នុងបន្ទុករបស់លោកស្រី។

មនុស្សជាច្រើនបានទូរសព្ទទៅលេខ ៩១១ ក្នុងខណៈពេលដែលពួកគេឃើញ Kirby ជិះកង់ឆ្លងកាត់ Indianapolis ដោយដាក់ទារកនៅក្នុងកន្ត្រកដែលនៅពីមុខកង់របស់លោកស្រី។ ស្រ្តីខាងលើបានប្រាប់ប៉ូលិសពេលឃាត់ខ្លួនគាត់ថា “ខ្ញុំតែងតែដឹកកូនរបស់ខ្ញុំរបៀបនេះជាញឹកញាប់ ដោយសារតែខ្ញុំមិនមានឡានជិះដូចគេ។

យោងតាមរូបភាពដែលបានបង្ហាញឃើញថា ក្មេងៗស្លៀកក្រណាត់កន្ទបទារក ផលិតក្នុងពាក់កណ្តាលឆ្នាំ ៨០ ហើយកន្ត្រកដាក់ក្មេងត្រូវបានចងដោយខ្សែ។ ទារកទាំងពីរដែលមានស្រីមួយប្រុសមួយ ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ Riley Hospital for Children និង​ព្យាបាល​ដោយសាតែគេទាំងពីរ ​រលាក​នឹង​កម្ដៅថ្ងៃខ្លាំងពេក និង​មានស្នាមជាំតិចតួច។

ហេតុការណ៍ដ៏គួរឲ្យសង្វេគនេះបានកើតឡើង កាលពីខែកក្កដា ឆ្នាំ ២០២២ ដែលគិតមកដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣ នេះ គឺជិតដល់ថ្ងៃដែលស្រ្តីខាងលើ ត្រូវចេញពីមន្ទីរឃុំឃាំងវិញហើយ៕