សន្ដិសុខសង្គម

សមត្ថកិច្ថនាំខ្លួនស្រ្តីអាណិកជនម្នាក់ទៅតុលាការសង្ស័យពាក់ព័ន្ធរឿងឆបោកលុយជាង៦ម៉ឺនដុល្លារ

ដោយ៖រតនា

ភ្នំពេញ ៖ ស្ត្រីអាណិកជនខ្មែរម្នាក់រស់នៅប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំខ្លួនឡើងតុលាការពាក់ព័ន្ធនឹងការចោទ​ប្រកាន់ពីបទឆបោក និងប្រើប្រាស់ឯកសារក្លែង ហើយរហូតដល់ថ្ងៃ១៣ ខែមិថុនា២០២៣ កំពុងសាកសួរនៅឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីរូបនោះឈ្មោះ ហេង ស៊ូសាន អាយុ២៦ ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន RHF STORE លក់ថ្មម៉ាប មានស្រុកកំណើតនៅខេត្តកំពង់ចាម ទីលំនៅសព្វថ្ងៃរស់នៅប្រទេស​នូវែលសេឡង់ ។

ជនសង្ស័យបានរងនូវការចោទប្រកាន់ថា បានទទួលយកប្រាក់ចំនួន ៦៤៤៦៤ ដុល្លារអាម៉េរិក ដើម្បីរត់ការនាំកូនដើមបណ្តឹងចេញទៅរៀននៅប្រទេសអូស្ត្រាលី តែមិនបានសម្រេច ហើយក៏ស៊ីដាច់ប្រាក់នោះ ។

សំណុំរឿងខាងលើនេះបានស្ថិតនៅលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអម​សាលាដំបូង​រាជធានីភ្នំពេញ បើកការស៊ើបសួរ ដែលការសាកសួរនោះត្រូវបានបញ្ចប់​នៅរសៀលថ្ងៃទី១២ ខែមិថុនា នេះហើយ ប៉ុន្តែដោយផុតម៉ោងការងាររដ្ឋបាល តំណាងអយ្យការ​បានផ្ញើស្រ្តីជាជនសង្ស័យទៅសមត្ថកិច្ចវិញ តម្រូវឲ្យនាំទៅបន្តនីតិវិធីនៅព្រឹកថ្ងៃទី១៣មិថុនា៕