សន្ដិសុខសង្គម

សមត្ថកិច្ចចម្រុះបង្រ្កាបឧបករណ៍នេសាទល្មើសច្បាប់យកដុតកម្ទេចចោល

ដោយ៖វិចិត្រ

បាត់ដំបង៖កម្លាំងសមត្ថកិច្ចចម្រុះខេត្តបាត់ដំបង​ កាលពីថ្ងៃទី១២ ខែមិថុនា បានចុះបង្ក្រាបបទល្មើស​នេសាទក្នុងស្រុកឯកភ្នំ និងដកហូតឧបករណ៍ខុសច្បាប់ជាច្រើនយកដុតកម្ទេចចោល។

មន្ត្រីក្នុងប្រតិបត្តិការ​បានឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនានេះថា ​កម្លាំងនគរបាលស្រុកឯកភ្នំ​និងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះជីវាំង សហការជាមួយមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះបង្រ្កាបបទល្មើសនេសាទក្នុងលំហបឹងទន្លេសាប ត្រង់ភូមិព្រែកទាល់ និងភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រើប្រាស់កម្លាំងជាង៦០នាក់ សម្ភាររួមមានកាណូតចំនួន១៦គ្រឿង ជាលទ្ធផលបង្ក្រាបបាន៖ សាច់មងប្រវែង៤.៧០០ម៉ែត្រ-ឡុកសម្រាប់ចាប់ត្រីចំនួន១៦-បង្គោលចំនួន ១.៤៥០ដើម ហើយលែងត្រីចម្រុះជិត២០០គីឡូក្រាមចូលទន្លេវិញ។ចំណែកជនល្មើស​បានរត់គេចខ្លួនអស់មុនពេលសមត្ថកិច្ចចុះទៅដល់។​ចំពោះវត្ថុតាងដែលបង្ក្រាបបាន​សមត្ថកិច្ចបានកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង៕