អន្តរជាតិ

រុស្ស៊ីបានចុះកិច្ចសន្យាថ្មីជាមួយទាហានChechen ក្រោយទាហានស៊ីឈ្នួលបដិសេធ

ដោយ៖តុលា

រុស្ស៊ីចុះកិច្ចសន្យាថ្មីជាមួយទាហានកងកម្លាំងពិសេស Chechen បន្ទាប់ពីបបួលទាហានស៊ីឈ្នួល Wagner តែពួកគេបដិសេធមិនព្រមចុះ។

ក្រសួងការពារជាតិរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុម Akhmat នៃកងកម្លាំងពិសេស Chechen ដឹកនាំដោយមេកោយលោក Ramzan Kadyrov ជាក្រុមទាហានប៉ារ៉ាមួយដែលកំពុងធ្វើការវាយលុករបស់វិមានក្រឹមឡាំងនៅជិតទីក្រុង Mariinka ក្នុងតំបន់ខេត្ត Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃច្បាប់ថ្មីរបស់រុស្ស៊ី ដែលមានគោលបំណងគ្រប់គ្រងកងទ័ពឯកជន ដែលកំពុងប្រយុទ្ធក្នុងនាមទីក្រុងមូស្គូនៅអ៊ុយក្រែន។

បទបញ្ជានេះតម្រូវឱ្យ “អង្គភាពស្ម័គ្រចិត្ត” ទាំងអស់ចុះហត្ថលេខាលើកិច្ចសន្យាត្រឹមថ្ងៃទី ១ ខែកក្កដា ដោយនាំពួកគេឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះ លោក Sergei Shoigu ។ វិមានក្រឹមឡាំងនិយាយថា អ្នកប្រយុទ្ធស្ម័គ្រចិត្តនឹងទទួលបានអត្ថប្រយោជន៍ដូចគ្នានឹងកងទ័ពធម្មតា ប្រសិនបើពួកគេយល់ព្រមនឹងច្បាប់នៃកិច្ចសន្យាការពារជាតិ។

មេបញ្ជាការក្រុម Akhmat លោក Apty Alaudinov បាននិយាយបន្ទាប់ពីមេដឹកនាំក្រុម Kadyrov បានទទួលយកការផ្តល់ជូននេះថា “ខ្ញុំគិតថានេះគឺជារឿងល្អណាស់”។ ក្រុមរបស់លោកបាន “រៀបចំ និងបញ្ជូនអ្នកស្ម័គ្រចិត្តរាប់ម៉ឺននាក់” ទៅកាន់ប្រទេសអ៊ុយក្រែនក្នុងរយៈពេល ១៥ ខែកន្លងមកនេះ។

បែបណាក៏ដោយ សេចក្តីប្រកាសនេះបានធ្វើឡើងនៅថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីលោក Yevgeny Prigozhin ជាមេក្រុមទាហានស៊ីឈ្នួលឯកជន Wagner របស់រុស្ស៊ីបានបដិសេធមិនព្រមចុះហត្ថលេខាលើកិច្ចសន្យាបែបនេះ៕

ប្រភព៖REUTERS