សន្ដិសុខសង្គម

រថយន្តបុកគ្នានៅផ្លូវហាយវ៉េ បណ្ដាលឱ្យមនុស្សរងរបួសជាច្រើននាក់

ដោយ៖វិចិត្រ

បាត់ដំបង៖គ្រោះថ្នាក់ចរាចររវាងរថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹង បណ្ដាលឱ្យមនុស្សរងរបួស​ជាច្រើននាក់ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង​កាលពីរសៀលថ្ងៃទី១២ ខែមិថុនា។

មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា៖ ហេតុការណ៍នេះបង្កឡើងដោយរថយន្ត២គ្រឿងម៉ាកTOYOTA  RALLY ផ្លាកលេខឧត្តរមានជ័យ 2C-9898 បើកបរដោយមន្ត្រីពេទ្យយោធាម្នាក់ពីត្បូងទៅជើង។រីឯរថយន្តម៉ាក NISSAN ផ្លាកលេខភ្នំពេញ2V-3037 ធ្វើដំណើរពីខាងលិចទៅកើត ហើយបុកគ្នា​ពេលបើកឆ្លងកាត់ផ្លូវបែកជា៤។ពេលនោះរថយន្ត១គ្រឿងក៏ជ្រុលហោះឡើងលើ​ចិញ្ចើមថ្នល់​បន្តបុកម៉ូតូ៣គ្រឿងធ្វើឱ្យមនុស្សរងរបួសជាច្រើននាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យឃើញរថយន្ត NISSAN បានបើកឆ្លងផុតចំណុច​កណ្ដាលផ្លូវ​ទៅហើយ  ក៏ត្រូវរថយន្តតូយ៉ូតាបើកលឿនបុកពេញទំហឹងចំពីចំហៀងធ្វើឱ្យរថយន្តNISSAN ត្រឡប់ក្បាលទៅក្រោយវិញ ហើយរថយន្តតូយ៉ូតាក៏ជ្រុលទៅបុករះម៉ូតូ៣គ្រឿង បណ្ដាលឱ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់តែម្តង៕