សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យកាប់ជនរងគ្រោះឱ្យរងរបួសធ្ងន់ទៅតុលាការ

ដោយ៖សុខុម

ស្ទឹងត្រែង៖កម្លាំងនគរបាលក្រុងស្ទឹងត្រែង បានចាប់ជនសង្ស័យម្នាក់ ករណីកាប់ជនរងគ្រោះ២កាំបិត​បណ្តាលឱ្យរងរបួសធ្ងន់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី១២ ខែមិថុនា។

សមត្ថកិច្ចបានឱ្យដឹងថា៖ កាលពីថ្ងៃទី៨ ខែមិថុនា ឈ្មោះ រ៉ែម ច័ន្ទឆៃយ៉ា បានប្រើកាំបិតកាប់​ទៅលើជនរងគ្រោះឈ្មោះ កូបយូម៉ែន អាយុ៣២ឆ្នាំ ជាកម្មករសំណង់ នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ចំនួន២កាំបិតចំក្បាលរងរបួសធ្ងន់ រួចជនសង្ស័យបានរត់គេចខ្លួន។

ក្រោយមានបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ កម្លាំងនគរបាលក្រុងនិងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះឫស្សី កាលពីថ្ងៃទី ១១មិថុនា បានចុះស្រាវជ្រាវចាប់ជនសង្ស័យនៅម្តុំដីឡូតិ៍វ៉ា សុនាថ នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។

ពេលសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានកាប់ទៅលើជនរងគ្រោះឱ្យរងរបួសពិតប្រាកដមែន មូលហេតុមានគំនុំនឹងគ្នាកាលពីកន្លងទៅ។ក្រោយមកកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូន​ជនងសង្ស័យទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕