អន្តរជាតិ

ទ័ពអ៊ុយក្រែនកាន់តែខ្លាំងដោយវាយរំដោះបានភូមិចំនួន៧ពីរុស្ស៊ី

ដោយ៖តុលា

អ៊ុយក្រែនកាន់តែខ្លាំង ដោយអះអាងថាបានវាយរំដោះកាន់កាប់ភូមិចំនួន៧ពីរុស្ស៊ីនៅដើមសប្តាហ៍នេះ បើទោះបីជាមានឧបសគ្គភ្លៀងធ្លាក់ជោកជាំក៏ដោយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយកាលពីយប់ថ្ងៃចន្ទ ទី១២ ខែមិថុនាថា៖ កងទ័ពរបស់ខ្លួនបានដណ្តើមយកភូមិចំនួន ៧ មកវិញពីកងកម្លាំងរុស្ស៊ីនៅតាមបណ្តោយផ្នែកខាងមុខប្រហែល ១០០ គីឡូម៉ែត្រនៅភាគអាគ្នេយ៍។ យោងតាមការបញ្ជាក់ទីតាំងដោយប្រភពរ៉យទ័រ ទាហាន​អ៊ុយក្រែនទាំងនោះត្រូវ​បាន​គេ​ឃើញ​ក្នុង​វីដេអូ ដែលមាន​កាន់​ទង់ជាតិ​អ៊ុយ  ក្រែន​គ្រវីនៅ​ក្នុងភូមិ Storozheve តាម​បណ្តោយ​ទន្លេ Mokri Yaly ដែល​ហូរ​ទៅ​ភាគ​ខាង​ជើង​ចេញ​ពី​ទឹកដី​កាន់កាប់​ដោយ​រុស្ស៊ី។

ហ្សេឡិនស្គីថា “ទោះបីជាមានភ្លៀងធ្លាក់ និងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក៏ដោយ កងកម្លាំងអ៊ុយក្រែនកំពុងដំណើរការលើសមរភូមិមិនរួញរា។ ការប្រយុទ្ធគ្នាគឺសាហាវ ប៉ុន្តែយើងមានចលនា ហើយនោះជារឿងសំខាន់” ។ “ការខាតបង់របស់សត្រូវគឺពិតជាអ្វីដែលយើងត្រូវការ”។

កាល​ពី​ថ្ងៃ​អាទិត្យថ្មីៗនេះ អ៊ុយក្រែន​បាន​និយាយ​ថា កម្លាំង​របស់​ខ្លួន​ដែល​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​ត្បូង​បាន​រំដោះ​ភូមិ​ក្បែរ​នោះចំនួន​បី​​នៅ​តាម​បណ្តោយទន្លេ Mokri Yalyដូចគ្នា៖ ទី១គឺ Blahodatne, ទី២  Neskuchne និងទី៣ Makarivka។ អនុរដ្ឋមន្ត្រីការពារជាតិ Hanna Maliar បាននិយាយនៅក្នុងសារ Telegram ថ្ងៃចន្ទថា កងកម្លាំងអ៊ុយក្រែនក៏បានរំដោះបានមកវិញនូវភូមិបន្ថែម Levadne និង Novodarivka ចម្ងាយប្រហែល ១០ គីឡូម៉ែត្រភាគខាងលិចនៃទន្លេ ក៏ដូចជា Lobkove ភាគអាគ្នេយ៍នៃទីក្រុង Zaporizhzhia ។

លោកស្រី Maliar បានបន្ថែមថា កងទ័ពបានរុលទៅមុខសរុបចំនួន ៦.៥ គីឡូម៉ែត្រ និងបានគ្រប់គ្រងលើផ្ទៃដី ៩០ គីឡូម៉ែត្រក្រឡា ។ ទឹកដីដែលត្រូវបានទាមទារមកវិញគឺគ្រាន់តែជាចំណែកតូចមួយនៃផ្ទៃដី សរុប ៤០០០០ ម៉ាយ ស្មើនឹង ៦៤៣៧៣គីឡូម៉ែ្រក្រឡា ដែលរុស្ស៊ីដណ្តើមយកទៅប៉ុណ្ណោះ។

ជុំវិញជ័យជម្នះដែលបានអះអាងដោយអ៊ុយក្រែននេះ ទីក្រុងមូស្គូមិនទាន់ទទួលស្គាល់ជាផ្លូវការឡើយ។ ក៏ប៉ុន្តែអ្នកសរសេរប្លុកយោធារុស្ស៊ីដ៏លេចធ្លោបាននិយាយថា ជាការពិត កងកម្លាំងអ៊ុយក្រែនពិតជាបានរំដោះយកភូមិចំនួនបីគឺ Blahodatne, Neskuchne និង Makarivka ហើយកំពុងបន្តឆ្ពោះទៅភាគខាងត្បូងបន្ថែមទៀត៕

ប្រភព៖REUTERS