សន្ដិសុខសង្គម

ជិះម៉ូតូឌុបគ្នាជ្រុលបុកសួនចែកផ្លូវបណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់

ដោយ៖វិចិត្រ

ភ្នំពេញ៖បុរស៣នាក់ជិះម៉ូតូឌុបគ្នាបានជ្រុលទៅបុកសួនច្បារចែកផ្លូវ​ បណ្ដាលឱ្យម្នាក់ស្លាប់ភ្លាម និង២នាក់ទៀតរងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅតាមផ្លូវបុរីអង្គរ ស្ថិតក្នុងសង្កាត់ ទួលសង្កែទី២  ខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី១២ ខែមិថុនា​​។

មន្ត្រីនគរបាលបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ ផាន់ លិន អាយុ ២៧ ឆ្នាំ ជាអ្នកដាំផ្កាលក់ កន្លែងកំណើតស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។សព្វថ្ងៃស្នាក់នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ចំណែក២នាក់ទៀតរងរបួសធ្ងន់។

មុនកើតហេតុ​ ពួកគេបានជិះម៉ូតូម៉ាកហុងដាប៊ីត ​ផ្លាកលេខភ្នំពេញ 1KB-0151​ ឌុបគ្នាចេញពី កន្លែងស្នាក់នៅ ហើយបានធ្វើដំណើរតាមផ្លូវបុរីអង្គរពីជើងទៅត្បូង។មកដល់ត្រង់ផ្លូវកោង ក៏ជ្រុលបុកសួនចែកផ្លូវបណ្ដាលឱ្យដួលបោកក្បាល​ស្លាប់ភ្លាមៗ។​ចំណែក២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ។ក្រោយកើតហេតុ​សមត្ថកិច្ចមូលដ្ឋាន បានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕