សន្ដិសុខសង្គម

កំពុងស្រាវជ្រាវរកជនសង្ស័យយកស្រ្ប៉ាយបាញ់កាមេរ៉ារួចគាស់ទ្វារទូATM

ដោយ៖វិចិត្រ

ស្វាយរៀង៖សមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ជនសង្ស័យដែលបានវាយបំបែកអំពូលភ្លើង និងយកស្រ្ប៉ាយខ្មៅបាញ់លើកាមេរ៉ាសុវត្ថិភាពរួចគាស់ទ្វារទូ ATM ធនាគារអេស៊ីលីដា​មិនបានសម្រេចព្រោះកណ្តឹងបានរោទ៍ឡើង។ ហេតុការណ៍នេះបានកើតឡើងនៅទូATM អេស៊ីលីដា ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមិថុនា។

មន្ត្រីនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ពិតជាមានជនសង្ស័យគាស់ទ្វារទូATM អេស៊ីលីដាប្រាកដមែន។ជនសង្ស័យបានវាយបំផ្លាញសម្ភារធ្វើឱ្យខូចខាត-កាមេរ៉ាសុវត្ថិភាព៣គ្រឿង-ទ្វារ១-អំពូលភ្លើង១-កណ្តឹងរោទ៍១គឿង។

ជនសង្ស័យមិនបានយកសម្ភារអ្វីបានទេបន្ទាប់ពីចូលក្នុងទូATM វាយបំបែកអំពូលភ្លើង និងយកស្រ្ប៉ាយខ្មៅបាញ់ទៅលើកាមេរ៉ាសុវត្ថិភាព។ពេលនោះធ្វើឱ្យកណ្តឹងរោទ៍ ជនល្មើសភ័យក៏រត់គេចខ្លួនបាត់អស់។ក្រោយពីនោះសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញា​ជនសង្ស័យដើម្បីយកមកចាត់ការតាមច្បាប់៕