សន្ដិសុខសង្គម

កំពុងសាកសួរជនសង្ស័យ២នាក់ក្រោយកាប់គូទំនាស់ឱ្យរបួសធ្ងន់

ពោធិ៍សាត់៖កម្លាំងនគរបាលបានស្រាវជ្រាវចាប់ក្រុមទំនើង២នាក់ ចំណោម៦នាក់ករណីប្រើកាំបិតកាប់​គូទំនាស់ឱ្យរងរបួសធ្ងន់ សមត្ថកិច្ចកំពុងសាកសួរមុនបញ្ជូនទៅតុលាការ។

ហេតុការណ៍បង្រ្កាបក្មេងទំនើងនោះធ្វើឡើងនៅត្រង់សួនច្បារ១៤មករា ស្ថិតក្នុងភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមិថុនា។ មន្ត្រីនគរបាលបានឱ្យដឹងថា ក្រុមទំនើងមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿងបានប្រើកាំបិតកាប់លើ​ជនរងគ្រោះ​មានគ្នា២នាក់ឱ្យរងរបួសម្នាក់។

ជនសង្ស័យឈ្មោះ ថន សុខចំរើន អាយុ១៥ឆ្នាំ នៅភូមិកែវមុន្នី ក្រុង/ខេត្តពោធិ៍សាត់។ឈ្មោះ ជុំ រ័ត្ន អាយុ១៥ឆ្នាំ ជាមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ​ នៅភូមិចម្ការចេកខាងជើង ក្រុង/ខេត្តពោធិ៍សាត់។វត្ថុតាងរឹបអូសមានកាំបិតផ្គាក់១-ម៉ូតូ១គ្រឿង-ទូរសព្ទ២គ្រឿង។ចំណែកជនរងគ្រោះឈ្មោះ ផន ផារិន អាយុ ១៩ឆ្នាំ នៅភូមិជើងភ្លើង ស្រុកបាកាន ខេត្តពោធិ៍សាត់ រងរបួសដៃឆ្វេងនិងខូចខាតម៉ូតូយ៉ាងដំណំ។

ប្រភពដដែលឱ្យដឹងទៀតថា ការឃាត់ខ្លួនក្រុមទំនើង២នាក់នេះ បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ថា មានក្មេងៗដេញកាប់គ្នាយ៉ាងប្រសេចប្រសាចបង្កការភ័យខ្លាច។បច្ចុប្បន្នសមត្ថកិច្ច កំពុងសាកសួរ ក្រុមជនសង្ស័យមុនបញ្ជូនទៅតុលាការ៕