សន្ដិសុខសង្គម

រថយន្តព្រូសបុករបាំងថ្មក្រឡាប់ផ្ងារកង់ មនុស្ស២នាក់រងរបួសធ្ងន់

ដោយ៖វិចិត្រ

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរដោយរថយន្តម៉ាកតូយូតាព្រូស បើកបុករបាំងថ្មគល់ស្ពានអាកាស ខ្ទេចកំណាត់មុខ ហើយក្រឡាប់ផ្ងារកង់ ធ្វើឱ្យមនុស្ស២នាក់រងរបួសធ្ងន់។

ហេតុការណ៍ខាងលើនេះបានកើតឡើងតាមផ្លូវសហព័ន្ធរុស្ស៊ី ត្រង់គល់ស្ពាន៥មករា ផ្នែកខាងកើតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមិថុនា។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាកតូយ៉ូតាព្រូស ផ្លាកលេខភ្នំពេញ 2BE-2426 មានស្ត្រីម្នាក់រួមដំណើរ បើកតាមផ្លូវសហព័ន្ធរុស្ស៊ីពីលិចទៅកើតក្នុងល្បឿនលឿន ។

មកដល់កន្លែងខាងលើស្រាប់តែរេចង្កូតទៅបុករបាំងថ្មគល់ស្ពានអាកាស៥មករាពេញទំហឹងបណ្តាលឱ្យបាក់មួយកង់។ចំណែកឯរថយន្តខ្ទេចខ្ទីខាងមុខហើយក្រឡាប់ផ្ងារកង់និងមនុស្ស ប្រុសស្រី២នាក់រងរបួសធ្ងន់ ត្រូវរថយន្តសាមុយមន្ទីរពេទ្យឯកជនដឹកទៅសង្គ្រោះបន្ទាន់។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះយករថយន្តបង្កទៅទុកនៅការិយាល័យនគរបាលចរាចរណ៍ រាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕