សន្ដិសុខសង្គម

អាជ្ញាធរមានសមត្ថកិច្ចបានរកឃើញសាកសពអ្នកដែលបាត់ខ្លួនក្នុងសមុទ្រពេលជួយសង្គ្រោះជីវិតកូន

ដោយ៖រតនា

បុរសម្នាក់ដែលបាត់ខ្លួន នៅក្នុងសមុទ្រនៅឆ្នេរអូរឈើទាលក្រុងព្រះសីហនុដោយសារជួយសង្គ្រោះជីវិតកូនជាទីស្រឡាញ់របស់ខ្លួនកាលពីរសៀលថ្ងៃទី១១ មិថុនានោះ  មកដល់ព្រឹកថ្ងៃទី១២ខែមិថុនានេះ គឺបានរកឃើញសាកសពរបស់គាត់ហើយនៅជាប់បាតសមុទ្រ។

សូមបញ្ជាក់ថា តាមប្រពន្ធជនរងគ្រោះឈ្មោះ ចាន់ ភាវី អាយុ37 ឆ្នាំបានឲ្យដឹងថា ប្តីរបស់គាត់ដែលស្លាប់ឈ្មោះផេង ពិសិដ្ឋ អាយុ 43 ឆ្នាំ នៅរាជធានីភ្នំពេញ ធ្វើការនៅpilip bank។ប្រពន្ធបានឲ្យដឹងទៀតថា  នៅម៉ោងជាង១រសៀលថ្ងៃទី១១ មិថុនា ២០២៣ កូនប្រុសរបស់គាត់អាយុប្រហែលជាង១០ឆ្នាំ បានចុះលេងទឹកសមុទ្រហើយឈ្លក់ទឹក។ ឃើញដូចនោះប្ដីរបស់គាត់បានស្ទុះចុះពីលើឆ្នេររត់ទៅជួយសង្គ្រោះកូនឲ្យរួចផុតពីការឈ្លក់ទឹក។ តែមិនដឹងជាមូលហេតុអ្វីក៏ស្រាប់តែរូបគាត់ជាឪពុកបែរជាបានបាត់ខ្លួនទៅក្នុងសមុទ្រទៅវិញ។

សមត្ថកិច្ចបានឲ្យដឹងថា  ក្រោយហេតុការណ៍បាត់ខ្លួននេះបានកើតឡើង គេឃើញ ឯកឩត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត ដឹកនាំផ្ទាល់ បានប្រើប្រាស់កម្លាំង ទាំងសមត្ថកិច្ចនិងក្រុមការងារសង្គ្រោះស្ម័គ្រចិត្ត ព្រមទាំងក្រុមសង្គ្រោះរបស់ អ្នកឩកញ៉ា ទៀ វិចិត្រ ដើម្បីស្វែងរកជនរងគ្រោះនៅក្នុងសមុទ្រខាងមុខឆ្នេរអូរឈើទាលនិងពង្រីកតំបន់ស្វែងរកនៅក្បែរនោះតែមិនបានប្រទះឃើញភ្លាមៗទេ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់Cambodia Flash News ឲ្យដឹងនៅព្រឹកថ្ងៃទី១២ មិថុនាថា ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួននោះ  គិតរហូតមកដល់ត្រឹមម៉ោង៩និង៧នាទីព្រឹកថ្ងៃទី១២ ខែមិថុនា នេះទើប គេបានរកឃើញសពរបស់គាត់នៅជាប់នឹងខ្សែពោងខាងក្រោមសមុទ្រដែលជាព្រំសម្គាល់កុំឲ្យអូប័រឆ្លងកាត់។

សមត្ថកិច្ចបានឲ្យដឹងថា ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយក្រោយប្រទះឃើញភ្លាមៗនោះសាកសពជនរងគ្រោះគេនៅមិនបានយកលើឆ្នេរសមុទ្រនោះទេតែក្រោយមកគេក៍បាននាំយកសាកសពរបស់គាត់មកដាក់លើគោក៕