សន្ដិសុខសង្គម

ដាក់គុកជនសង្ស័យម្នាក់ករណីដេញកាប់គេផ្អើលក្នុងក្រុងស្ទឹងត្រែង

ដោយ៖សុខុម

ស្ទឹងត្រែង៖តុលាការខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៩ ខែមិថុនា បានចេញដីកាឃុំខ្លួនបុរសម្នាក់​ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទប្រើហិង្សាដោយចេតនានិងធ្វើឱ្យខូចខាតទ្រព្យអ្នកដទៃ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៦ ខែមិថុនា មានក្មេងស្ទាវមួយក្រុមបង្កដេញកាប់គ្នា ដោយប្រើកាំបិត កាប់ម៉ូតូជនរងគ្រោះនៅក្បែរសួនច្បារក្រុងស្ទឹងត្រែងបង្កឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច។ក្រោយពីធ្វើសកម្មភាពរួចក្រុមប្រព្រឹត្តល្មើសបាននាំគ្នារត់គេចខ្លួនបាត់អស់។

លុះថ្ងៃទី៧ ខែមិថុនា លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាកម្លាំងចុះបង្ក្រាបករណីកាប់គ្នាយ៉ាងសាហាវ ស្ថិតនៅមុខសាលាបង្រៀនភាសា​អង់គ្លេសអាយសេធ ក្នុងភូមិព្រែក ក្រុង/ខេត្តស្ទឹងត្រែង ដោយចាប់ជនសង្ស័យបានម្នាក់ឈ្មោះ ឡាសុភីលីព អាយុ១៦ឆ្នាំ និងដកហូតវត្ថុតាងមួយចំនួន។ចំណែកបក្ខពួកបានរត់គេចបាត់អស់​ត្រូវសមត្ថកិច្ចបន្តស្រាវជ្រាវចាប់ខ្លួនយកមកចាត់ការតាមច្បាប់៕