ព័ត៌មានជាតិ

គណៈកម្មាធិការអាយ ស៊ី ស៊ី-អង្គរ ជួបប្រជុំបច្ចេកទេសលើកទី៣៧ស្ដីពីការងារបេតិភណ្ឌនិងរមណីយដ្ឋានអង្គរនៅខេត្តសៀមរាប

ដោយ៖ Hang Savyouth
សៀមរាប៖គណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា(អាយស៊ីស៊ី-អង្គរ)កំពុងបើកកិច្ចប្រជុំ​បច្ចេក ទេសលើកទី៣៧ របស់ខ្លួននៅព្រឹកថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២៣ដើម្បីពិនិត្យមើលនិងផ្ដល់អនុសាសន៍ទៅលើកិច្ចការទាំងឡាយពាក់ព័ន្ធទៅលើការអភិរក្សថែរក្សាបេតិក ភណ្ឌនិងរមណីយដ្ឋានជាច្រើនកន្លែងនៅក្នុងតំបន់អង្គរ។

កិច្ចប្រជុំប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាល​នៃអាជ្ញាធរ ជាតិអប្សរា​។កិច្ចប្រជុំមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២រហូតដល់ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៣។

កិច្ចប្រជុំបច្ចេកទេសលើកទី៣៧របស់គណៈកម្មាធិការអាយ ស៊ី ស៊ី-អង្គរ ដែលមានលោកPierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការនិងកិច្ចការ​វប្បធម៌​ស្ថានទូត បារាំងប្រចាំកម្ពុជានិងលោក Ichitomo TANINAI អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន ជាសហប្រធាននេះនឹងពិនិត្យមើលលើចំណុចជាច្រើនដូចជា​តាមដានឡើង វិញលើអនុសាសន៍ដែលបានអនុម័តនៅក្នុងសម័យប្រជុំបច្ចេកទេសទី៣៦និងកិច្ចប្រជុំពេញអង្គទី២៩កាលពីខែធ្នូឆ្នាំ២០២២កន្លងទៅ និង របាយការណ៍សកម្មភាពក្រុម​បច្ចេកទេស ជាច្រើនដូចជាការជួសជុល និងការអភិរក្ស ក្រុមការងារពាក់ព័ន្ធត្រូវបានស្នើសុំដើម្បីធ្វើរបាយការណ៍ស្តីពីការអនុវត្តអនុ​សាសន៍ (ដែលភ្ជាប់ជាមួយរបៀប វារៈ​នេះសម្រាប់ជាឯកសារយោង)និងដើម្បីសង្ខេបផែនការការងារសម្រាប់រយៈពេលប្រាំមួយខែបន្ទាប់។​

ជាមួយគ្នានេះដែរក៏មានការតាមដានលើអនុសាសន៍នៃការជួសជុលប្រាសាទបុរាណជាច្រើន ដូចជា ប្រាសាទទ្រម៉ូង ការជួសជុលពិដានរបស់ប្រាសាទអង្គរវត្ត​នៅថែវកូរ​សមុទ្រទឹកដោះ ការជួសជុលប៉មភាគនិរតីនៃរោងទងទី៣ ការជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ការជួសជុលរោងទងទី៣ នៅភាគនិរតី ការជួសជុលពិដាន​នៅ​ស្លាបរោងទងភាគអាគ្នេយ៍ ការជួសជុលបណ្ណាល័យខាងត្បូងនិងផ្លូវចូលរោងទងទី២ និងការជួសជុលបង្កាន់ដៃនៅរោងទងទី២។

បន្ថែមលើនេះដែរគណៈកម្មាធិការ អាយ ស៊ី ស៊ីអង្គរក៏បានតាមដានអនុសាសន៍ព្រមទាំងពិនិត្យមើលបរិក្ខារធារាសាស្ត្រ និងការបំពេញទឹកបារាយណ៍លលៃនិង​​បារាយណ៍​ខាងកើត ការជួសជុលប្រាសាទបន្ទាយធំ ការជួសជុលខ្លោងទ្វារតាកាវរបស់ក្រុងអង្គរធំ ការជួសជុលប្រាសាទព្រះគោ ការជួសជុលប្រាសាទបាយ័ន ការជួសជុលប្រាសាទ​ចៅ​សាយទេវតាការតាមដានលើអនុសាសន៍ជួសជុលប្រាសាទបន្ទាយសំរ៉ែនិងការបណ្តុះបណ្តាលការងារជួសជុលអតីតព្រះបរមរាជវាំងអង្គរធំប្រាសាទបន្ទាយប្រីព្រម​ទាំង​តាមដានលើអនុសាសន៍នៃការអនុវត្តន៍លើសំណង់ខុសច្បាប់នៅរមណីយដ្ឋានអង្គរជាដើម៕