អន្តរជាតិ

ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​វិះ​នឹង​បាត់បង់​ជីវិត​ក្រោយ​ត្រូវ​ត្រី​ឆ្លាម​ខាំ​

ដោយ​៖ សហការី​

​ក្មេងស្រី​ជនជាតិ​អាម៉េរិក​ម្នាក់​ស្ទើរតែ​គ្មាន​ជីវិត​រស់​ទៅហើយ ក្រោយ​នាង​ត្រូវបាន​ត្រី​ឆ្លាម​ខាំ នៅពេលដែល​នាង​បាន​ចុះ​លេង​ទឹកសមុទ្រ​ជាមួយ​មិត្តភក្តិ​។​

Ella Reed អាយុ ១៣​ឆ្នាំ ជា​ក្មេងស្រី​ជំទង់​ដ៏​ក្លាហាន​ដែល​បាន​រួចផុតជីវិត ពី​ការវាយប្រហារ​របស់​ត្រី​ឆ្លាម​ដ៏​សាហាវ​នៅ​ឆ្នេរសមុទ្រ Florida ។​នាង​បាន​វិល​ត្រលប់​ទៅ​សមុទ្រ​វិញ​ជាមួយនឹង​ក្រុម​អ្នកស្រាវជ្រាវ ដើម្បី​ប្រឡូក​ក្នុង​ទឹក​ដាក់​ស្លាក​សញ្ញា​ជាប់​នឹង​ព្រុយ​ត្រី​ឆ្លាម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ញូវយ៉ក​ប៉ុស្តិ៍ កាលពី​ថ្ងៃទី ១០ ខែមិថុនា​។​

​គេ​បាន​បញ្ជាក់ទៀតថា កាលពី​ខែ​មុន Ella Reed អាយុ ១៣​ឆ្នាំ បាន​អង្គុយលេង​ក្នុង​ទឹក​រាក់ៗ ជាមួយ​មិត្តភក្តិ​នៅ​ជិត​កន្លែង​សំចត​តាម​ឆ្នេរសមុទ្រ Fort Pierce ។ នៅពេល​នោះដែរ​មាន​ត្រី​ឆ្លាម bull ប្រវែង ៤ ហ្វី​ត បាន​ផុស​ចេញពី​ក្នុង​ទឹក ក៏បាន​ខាំ​នាង​ពី​ចំហៀង​ខ្លួន​តែម្តង​។ ក្មេងស្រី​ដែល​រង​ការវាយប្រហារ​ដោយ​ត្រី​ឆ្លាម បាន​ខិតខំ​តទល់​នឹង​ការ​ប្រហារ​នោះ ដោយ​នាង​បាន​វាយ​ចំក្បាល​របស់​វា ហើយ​ប្រើ​ដៃ​ម្ខាង​ទៀត​ការពារ​ពោះ​របស់​នាង​។ ការវាយប្រហារ​ដ៏​សាហាវ​នេះ បានធ្វើ​ឲ្យ​ក្មេងស្រី​រងរបួស​ចំនួន ១៩​ថ្នេរ នៅលើ​ពោះ លើ​ដៃ និង​លើ​ជើង​របស់​នាង​។​

​បន្ទាប់ពី​ជាសះស្បើយ​ហើយ​នោះ ក្មេង​ដ៏​ក្លាហាន​រូបនេះ​ត្រូវ​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Nova Southeastern អញ្ជើញ​ឲ្យ​ចូលរួម​ជាមួយ​ពួកគេ នៅក្នុង​បេសកកម្ម​ដាក់​ស្លាក​ត្រី​ឆ្លាម​បន្ទាប់ពី​ដឹងថា Reed ជា​សិស្ស​ថ្នាក់​ទី​៨ ហើយ​នាង​ចង់​ក្លាយជា​អ្នក​ជីវ​វិទូ​សមុទ្រ​ម្នាក់ ដោយ​នាង​បាន​និយាយថា “​នៅពេលដែល​ខ្ញុំ​បានទទួល​ការអញ្ជើញ​ឲ្យ​ទៅ​ដាក់​ស្លាក​ត្រី​ឆ្លាម ខ្ញុំ​ពិតជា​រំភើប​ខ្លាំងណាស់​”​។ អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ Derek Burkholder បាន​និយាយថា ក្រុម​របស់គាត់​មានការ​ជឿជាក់​លើស​ម្ថ​ភាព Reed គឺ​ដោយសារតែ​នាង​ធ្លាប់មាន​បទពិសោធន៍​ជា​វិជ្ជមាន ជាមួយ​សត្វ​សាហាវ​ក្នុង​ទឹក​។​

​លោក Burkholder បាន​និយាយថា “​យើង​គិតថា​បេសកម្ម​ដំបូងបង្អស់​របស់​នាង ប្រហែលជា​មិនសូវ​ល្អ​នោះទេ​” ។ “​យើង​ចង់​ឲ្យ​បេសកកម្ម​ទី​ពីរ​របស់​នាង​ជាមួយនឹង​ត្រី​ឆ្លាម ទទួលបាន​លទ្ធផល​វិជ្ជមានឲ្យ​បាន​ច្រើនជាង​នេះ​បន្ថែមទៀត​”​។ Reed បាន​ជួយ​ដាក់​ស្លា​កជាប់​នឹង​ព្រុយ​របស់​ត្រី​ឆ្លាម និង​បោះ​នុយ​ឲ្យ​វា ហើយ​នាង​ក៏បាន​មុជ​ទៅក្នុង​ទឹក​ជាមួយនឹង​ត្រី​ឆ្លាម និង​ថែមទាំង​ចាប់​ត្រី​ឆ្លាម​ដែល​ហែល​កាត់​ទូក​របស់​ពួកគេ​ទៀតផង​៕