សន្ដិសុខសង្គម

កំពុងបន្តនីតិវិធីក្រោយមានជនបរទេសម្នាក់អារកប៉ងសម្លាប់ខ្លូនក្នុងបន្ទប់

ដោយ៖វិចិត្រ

ភ្នំពេញ៖ពលរដ្ឋបានប្រទះឃើញបុរសម្នាក់មានរបួសឈាមពេញខ្លួនក្នុងបន្ទប់ស្នាក់នៅ មានទាំងកាំបិតប្រឡាក់ឈាម និងសំណេរបណ្តាំ សមត្ថកិច្ចកំពុងបន្តនីតិវិធី។ហេតុការណ៍នេះ​បានកើតឡើងនៅបន្ទប់លេខ៣០៣ រោងកម្មករក្រុមហ៊ុនចិនMCC ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលប៉ងធ្វើអត្តឃាតឈ្មោះ SUTRADHAR GOURANG អាយុ៤៣ឆ្នាំ ជនជាតិបង់ក្លាដែស ជាកម្មករសំណង់ ស្នាក់នៅកន្លែងខាងលើ។ឈ្មោះ ALI HAZARD អាយុ ៣២ឆ្នាំ ជនជាតិបង់ក្លាដែសជាមិត្តភក្តិបានបំភ្លឺថា “ខ្ញុំធ្លាប់ដឹងថា មិត្តខ្ញុំមានបញ្ហារឿងជំពាក់លុយគេនៅ​ស្រុកកំណើត​ចំនួន៤.០០០ដុល្លារក្នុងការបំពេញបែបបទដើម្បីបានមកធ្វើការងារនៅប្រទេសកម្ពុជា ត្រូវគេទាមទារឱ្យសងលុយវិញ។កាលពីថ្ងៃទី១១ ខែមិថុនា ខ្ញុំបានទទួលទូរសព្ទក្រុមគ្រួសារពីប្រទេស​បង់ក្លាដែសប្រាប់ខ្ញុំថា ឱ្យជួយទៅមើលមិត្តភក្តិផង ព្រោះគេបានអារកខ្លួនឯងនៅក្នុងបន្ទប់”។

“ពេលទៅដល់បន្ទប់ក៏ឃើញមិត្តភក្តិប្រឡាក់ឈាមនិងមានរបួសនៅត្រង់.ក ទើបខ្ញុំនាំគ្នាសែង ដាក់លើម៉ូតូកង់បី ដឹកទៅមន្ទីរពេទ្យជោរៃដើម្បីសង្គ្រោះ។នៅក្នុងបន្ទប់កើតហេតុមានស្នាម​ឈាម-សៀវភៅ១ក្បាលមានសរសេរបណ្តាំជាភាសាបង់ក្លាដែស១សន្លឹកនិងមានកាំបិតចុងស្រួច ១ប្រឡាក់ឈាម”។

តាមការពិនិត្យកន្លែងកើតហេតុរបស់ផ្នែកបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ និងតាមព័ត៌មានដែលប្រមូលបានបញ្ជាក់ថា ជាករណីអារកខ្លួនឯងប៉ុនប៉ងធ្វើអត្តឃាត​បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ពេលនេះរូបគេកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជោរៃនៅឡើយ៕