សន្ដិសុខសង្គម

ចិនម្នាក់បើករថយន្តបុកម៉ូតូកំពុងល្បាតធ្វើឱ្យមន្ត្រីនគរបាលរងរបួសធ្ងន់

ដោយ៖វិចិត្រ

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរដោយមានជនជាតិចិនម្នាក់បើករថយន្តទំនើប បានបុកម៉ូតូសមត្ថកិច្ច កំពុងល្បាត បណ្តាលឱ្យមន្ត្រីនគរបាលខណ្ឌទួលគោកម្នាក់រងរបួសធ្ងន់។ហេតុការណ៍នេះ បានកើតឡើងនៅតាមផ្លូវលេខ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២  ខណ្ឌទួលគោក កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ ខណ្ឌទួលគោកម្នាក់ពេលជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ត្រូវបុរសជនជាតិចិនម្នាក់ បើករថយន្តបុកពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់។

ប្រភពដដែលបានឱ្យដឹងទៀតថា​ មុនកើតហេតុ មន្ត្រីនគរបាលរងគ្រោះបានជិះម៉ូតូម៉ាកនិច ផ្លាកលេខភ្នំពេញ1GQ-6567 កំពុងល្បាត។ មកដល់កន្លែងខាងលើ ស្រាប់តែបុរស ជនជាតិចិនម្នាក់បើករថយន្តទំនើបម៉ាកផច ផ្លាកលេខភ្នំពេញ2BN-7635 បុកពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែងរួចនាំតៃកុងនិងរថយន្តជាមួយម៉ូតូជនរងគ្រោះ ទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីដោះស្រាយពេលក្រោយ៕