អន្តរជាតិ

ស្ថានីយប្រេងឥន្ធនៈចម្លែកមួយកន្លែងបូមចេញតែរបស់ញ៉ាំ

មានស្ថានីយប្រេងឥន្ធនៈមួយកន្លែងនៅរដ្ឋកាលីហ្វ័រញ៉ា មិនមានសាំងចាក់នោះទេ គឺបូមចេញតែនំកែកឃឺ Cheez-It តែប៉ុណ្ណោះ។

ដើម្បីបង្កើនភាពទាក់ទាញ ស្ថានីយប្រេងឥន្ធនៈថ្មីមួយកន្លែង ដែលបានបើកនៅក្នុងស្រុក Joshua Tree រដ្ឋកាលីហ្វ័រញ៉ា គឺមិនមានសាំងសម្រាប់បូមនោះទេ ប៉ុន្តែបូមចេញជានំកែកឃឺ Cheez-It TOviJ ទៅវិញ។ បណ្តាញសារព័ត៌មានផ្សព្វផ្សាយក្នុងស្រុក KTLA 5 បានរាយការណ៍មកថា មានកន្លែងលក់អាហារសម្រន់ ដែលរៀបចំដូចជាស្ថានីយប្រេងឥន្ធនៈ បានបើកអស់រយៈពេលពេញមួយសប្តាហ៍មកហើយ វាស្ថិតនៅចម្ងាយប្រហែល ១២៨ ម៉ាយពីទីក្រុង Los Angeles។

នាយកជាន់ខ្ពស់ម៉ាក Erin Storm បាននិយាយថា “យើងដឹងថាអ្នកគ្រប់គ្នាចូលចិត្ត និងគាំទ្រ នំកែកឃឺ Cheez-It ពិសេសអ្នកធ្វើដំណើរតាមដងផ្លូវក្នុងរដូវក្តៅនេះ។ ការរៀបចំបូមនំចេញពីម៉ាស៊ីនដូចជាការចាក់ប្រេងឥន្ធនៈតាមផ្លូវ គឺដើម្បីបង្កើនភាពទាក់ទាញដល់អ្នកធ្វើដំណើរតាមរថយន្ត និងអ្នកដំណើរបែបផ្សងព្រេងផ្សេងៗទៀត។

អ្នកគ្រប់គ្រងបានឲ្យដឹងនៅលើ Instagram ទៀតថា ប្រសិនបើអ្នកធ្វើដំណើរតាមផ្លូវ ឃើញមានរូបបុរសយក្សមានពុកចង្កាកាន់ម៉ាស៊ីនបូមសាំងនោះ វាមិនមែនជាកន្លែងចាក់សាំងនោះទេ។ នៅទីនោះមិនមានសាំងទេ មានតែនំកែកឃឺការ៉េក្រហម និងទឹកមាសដែលគេបូមចេញពី​ម៉ាស៊ីនតែប៉ុណ្ណោះ៕