សន្ដិសុខសង្គម

ដុំកងដែកសរសៃរលំសង្កត់លើកម្មករម្នាក់បណ្តាលឱ្យស្លាប់ភ្លាម

ដោយ៖វិចិត្រ

កណ្តាល៖ដុំកងដែកសរសៃធំៗបានរលំសង្កត់លើកម្មករម្នាក់ពេលកំពុងធ្វើការ បណ្តាលឱ្យស្លាប់ភ្លាម​យ៉ាងអាណោចអាធ័ម។ហេតុការណ៍ដ៏តក់ស្លុតនេះបានកើតឡើងនៅកំពង់ផែមេគង្គ អតីតរោងចក្រ​ក្តារបន្ទះ ក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពី រសៀលថ្ងៃទី៨ ខែមិថុនា។

តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសរងគ្រោះបាត់បង់ជីវិតឈ្មោះសាំង បូរ៉ាមី អាយុ២៩ឆ្នាំ​នៅភូមិស្តៅកន្លែង៤ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មុនកើតហេតុជនរងគ្រោះកំពុងធ្វើការដូចសព្វដង ស្រាប់តែដំកងដែកសរសៃធំបានរលំសង្កត់លើ​ជនរងគ្រោះ បណ្តាលឱ្យបាក់ក និងបាក់ស្មាស្លាប់ភ្លាមៗតែម្តង។ ក្រោយមកសមត្ថកិច្ចបានចុះពិនិត្យ​ជុំវិញទីតាំងនិងធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យ៕