សន្ដិសុខសង្គម

ចាប់ជនសង្ស័យ២នាក់​ករណីផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖កម្លាំងនគរបាលខេត្តព្រះសីហនុ​ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមិថុនា បានបង្ក្រាបករណីផ្ទុះអាវុធជាច្រើនគ្រាប់ និងចាប់ជនសង្ស័យពាក់ព័ន្ធបាន២នាក់។

                                            ជនសង្ស័យពាក់ព័ន្ធផ្ទុះអាវុធជាច្រើនគ្រាប់

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី៩​ ខែមិថុនា​នេះ​ថា៖​ ករណីផ្ទុះអាវុធជាច្រើនគ្រាប់ កម្លាំងនគរបាលបានចុះ​បង្ក្រាប​ និងឃាត់ខ្លួនជនសង្ស័យ២នាក់​ ដែលបាញ់រះលើជនរងគ្រោះផ្អើលកណ្ដាលយប់ក្នុងក្រុងព្រះសីហនុ​។

លោកឧត្តមសេនីយ៍បានបន្តថា​ កាលពីម៉ោង២២យប់ថ្ងៃទី៨ ខែមិថុនា នៅម្តុំឆ្នេរអូរឈើទាល ស្ថិតក្នុងភូមិ៤ ក្រុង/ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធបង្កដោយជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដា។ក្រុមនេះបានបាញ់រះជាច្រើនគ្រាប់ទៅលើរថយន្តម៉ាក Prius ផ្លាកលេខ ព្រះសីហនុ 2B-6673 រួចរត់គេចខ្លួនបាត់។ ភ្លាមនោះកម្លាំងជំនាញបានចុះទៅកន្លែងកើតហេតុ ឃើញសំបកគ្រាប់ចំនួន៣។

                                            រថយន្តរបស់ជនរងគ្រោះ

ក្រោយការសាកសួរជនរងគ្រោះរួច កម្លាំងបានស្រាវជ្រាវរហូតដល់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមិថុនា ក៏ចាប់ជនសង្ស័យ២នាក់។ជាមួយនោះដកហូត​វត្ថុតាង៖សំបកគ្រាប់៣គ្រាប់-អាវុធខ្លី១ដើម ម៉ាក K59 លេខសម្គាល់ A7007 បង់១មាន៣គ្រាប់-ស្រោមអាវុធខ្លី ១ និងទូរសព្ទ ២គ្រឿង។បច្ចុប្បន្ន​ករណីនេះកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុកំពុងបន្តនីតិវិធី៕