សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងសាកសួរបុរស៤នាក់ពាក់ព័ន្ធករណីស៊ីឈ្នួលកាប់បំផ្លាញព្រៃរបស់រដ្ឋ

ដោយ៖កំចាយ

កែប៖សមត្ថកិច្ចនគរបាលខេត្តកែប រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ កំពុងសាកសួរបុរស៤នាក់​ពាក់ព័ន្ធបទសង្ស័យស៊ីឈ្នួលកាប់បំផ្លាញព្រៃសហគមន៍ដើម្បីយកដីធ្វើជាកម្មសិទ្ធិ។

មន្ត្រីនគរបាលខេត្តកែបបានឱ្យដឹងថា មន្ត្រីជំនាញកំពុងសាកសួរបុរស៤នាក់ពីបទសង្ស័យ​កាប់បំផ្លាញព្រៃសហគមន៍ស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ។ ជនសង្ស័យទាំងបួននាក់ រួមមាន ឈ្មោះ ឈឹម រ៉ី អាយុ ៤២ឆ្នាំ -ឈ្មោះ ណា ខុម អាយុ ២៤ឆ្នាំ-ឈ្មោះ បេ វ៉ាន់ អាយុ ៥៣ឆ្នាំ និងឈ្មោះ ខូវ ផូង អាយុ ៤៥ឆ្នាំ។ ទាំង៤នាក់នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា នគរបាលស្រុកដំណាក់ចង្អើរបានទទួលព័ត៌មាន​ស្ដីអំពីសកម្មភាពកាប់បំផ្លាញព្រៃនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ។ ភ្លាមៗ កម្លាំងនគរបាលខេត្តកែបសហការជាមួយមន្ត្រីនៃអាជ្ញាធរស្រុកដំណាក់ចង្អើរបានចុះដល់គោលដៅ។សមត្ថកិច្ចបានឃើញបុរស៤នាក់កំពុងធ្វើសកម្មភាពជាក់ស្ដែង។

ក្នុងស្ថានភាពបែបនេះ កម្លាំងចម្រុះក៏បានឃាត់ និងនាំអ្នកទាំងនោះទៅសាកសួរ។ បុរសទាំង៤នាក់​បានសារភាពថា ពួកគាត់ត្រូវស្ត្រីអ្នកមានលុយម្នាក់រស់នៅភ្នំពេញជួលឱ្យកាប់ព្រៃក្នុងតម្លៃ​៣០០ដុល្លារសម្រាប់ផ្ទៃដី១ហិកតា។ ក្រោយសួរនាំរួច កម្លាំងនគរបាលស្រុកបានបញ្ជូនជនសង្ស័យ​ទាំង៤នាក់​ទៅស្នងការដ្ឋាននគរបាលខេត្តកែបដើម្បីបន្តនីតិវិធី៕