សន្ដិសុខសង្គម

មិនទាន់ដឹងមូលហេតុជនជាតិឡាវម្នាក់ជាបុគ្គលិកក្រុមហ៊ុនស្លាប់នៅក្រុងបាវិត

ដោយ៖វិចិត្រ

ស្វាយរៀង៖រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុពិតដែលបុរសជនជាតិឡាវម្នាក់ ជាបុគ្គលិកក្រុមហ៊ុនវិនណើស បានស្លាប់នៅក្រុងបាវិត នោះនៅឡើយទេ។

​​  ​​ ​    ​​​                                                    សាកសពបុរសជនជាតិឡាវ

ហេតុការណ៍នេះបានកើតឡើងក្នុងបរិវេណវត្តបុព្វារាម ហៅវត្តព្រៃយាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២៣។

មន្ត្រីនគរបាលបានមូលដ្ឋានបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះសូវ៉ាន់ខេម ខាមផេង អាយុ៤៦ឆ្នាំ ជនជាតិឡាវ ជាបុគ្គលិកក្រុមហ៊ុនវិនណើស កាន់លិខិតឆ្លងដែនលេខៈP2582792 នៅខេត្តហ៊ផេន ប្រទេសឡាវ។ មុនកើតហេតុនគរបាលប៉ុស្ដិ៍រដ្ឋបាលបាវិតបានទទួលព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ថា នៅបរិវេណវត្តបុព្វារាម មានរថយន្តដឹកសពមកតម្កល់។

ភ្លាមនោះ កម្លាំងនគរបាលក្រុងបាវិតបានសហការជាមួយផ្នែកបច្ចេកទេស-វិទ្យាសាស្រ្ត និងគ្រូពេទ្យបានចុះទៅដល់ទីតាំងនោះ។តាមការពិនិត្យនិងមានសាក្សីបំភ្លឺ ក្រុមការងារបានបញ្ជាក់ថា សាកសពអាចស្លាប់ដោយសារជំងឺ។ តែទោះយ៉ាងណាការស្លាប់នេះគេនៅមិនទាន់ដឹងច្បាស់ពី មូលហេតុពិតប្រាកដនៅឡើយទេ សមត្ថកិច្ចកំពុងស៊ើបអង្កេត។បច្ចុប្បន្នសាកសពត្រូវបាន នាយដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រល់តម្កល់នៅវត្តទឹកថ្លា រាជធានីភ្នំពេញដើម្បីស្ថានទូតបន្តនីតិវិធី៕