សន្ដិសុខសង្គម

បុរសម្នាក់បានព្យាយាមលោតសម្លាប់ខ្លួនពីលើកំពូលភ្នំបូកគោ

ដោយ៖កំចាយ

កំពត៖ យុវជនម្នាក់បានលោតសម្លាប់ខ្លួននៅលើភ្នំបូកគោតែត្រូវសមត្ថកិច្ចជួយសង្គ្រោះមកវិញដោយសារជាប់ទើរនឹងមែកឈើ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្រោយវត្តសំពៅ៥ ក្នុងដែនឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ។

តាមការប្រាប់ឲ្យដឹងពីសមត្ថកិច្ចថា កាលពីវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី៧ ខែមិថុនា អធិការដ្ឋាននគរបាលក្រុងបូកគោបានទទួលការស្នើសុំកិច្ចអន្តរាគមន៍របស់បុរសឈ្មោះ រឹម បុល មកពីភូមិតាប្រឹម ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវពាក់ព័ន្ធនឹងការបាត់កូនប្រុសឈ្មោះ ចិន សុបិន អាយុ ២៣ឆ្នាំដែលបានមកលេងនៅភ្នំបូកគោ។ មិនបង្អន់យូរ កម្លាំងអធិការដ្ឋានក្រុងបូកគោសហការជាមួយមន្ត្រីកងរាជអាវុធហត្ថ និងសន្តិសុខក្រុមហ៊ុនសុខាអូតែលបានស្វែងរកគ្រប់ទីតាំងដែលមានការសង្ស័យ។ សមត្ថកិច្ចបានបន្តថា លុះដល់ម៉ោង១០ និង៥០នាទីយប់ ក្រុមការងារក៏បានប្រទះឃើញយុវជនរូបនោះជាប់ទើរនៅលើមែកឈើក្នុងជ្រលងភ្នំក្រោយវត្តសំពៅ៥ជម្រៅប្រហែល៥០ម៉ែត្រ។ ភ្លាមៗ កម្លាំងសមត្ថកិច្ចក៏បានជួយសង្គ្រោះ និងនាំឡើងមកលើវិញដោយសុវត្ថិភាព។

ប្រភពដដែលបានបញ្ជាក់ថា ក្រោយសាកសួរទើបដឹងថាករណីនេះមិនជាប់ពាក់ព័ន្ធនឹងបទល្មើសណាមួយឡើយ គឺយុវជនរូបនោះបានលោតសម្លាប់ខ្លួនព្រោះតែមានជំងឺរលាកស្រោមខួរក្បាល។ ដូច្នេះ សមត្ថកិច្ចក៏ប្រគល់ឈ្មោះ ចិន សុបិន ឲ្យក្រុមគ្រួសារនាំយកទៅលំនៅស្ថាននាខេត្តតាកែវវិញ៕