ព័ត៌មានជាតិ

ទូត​អាល្លឺម៉ង់​ចុះ​សិក្សា​ការកសាង​ធនធានមនុស្ស​វិស័យ​នគរបាល​នៅ​កម្ពុជា​

ដោយ​៖ គង់​ហេង​
​កំពង់ចាម​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​៖ លោក STEFAN MESSERER ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ចុះ​សិក្សា​ស្វែងយល់ អំពី​ការកសាង​ធនធានមនុស្ស វិស័យ​នគរបាល​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​នាពេល​កន្លងមក​។​

​សម្តេច​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​ដូច្នេះ នៅក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ថ្មីៗ និង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​កម្រិត​ប​ឋ​ម​វិជ្ជាជីវៈ​នគរបាល ជំនា​ន់ទី​១៧ លើក​ទី​១ ដែលមាន​សិស្ស​នគរបាល​ជ័យលាភី​ចំនួន ១៨៥ នាក់​នៃ​សាលា​នគរបាល​ជាតិភូមិ​ភាគ​២ ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី ៨ មិថុនា​នេះ​។​

​សម្តេច​ក្រឡាហោម​បាន​មានប្រសាសន៍ថាៈ ថ្ងៃនេះ​ជា​ថ្ងៃ​ពិសេស ដោយមាន​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ និង​សហការី​ប្រតិភូ​មក​ចុះ​សិក្សាកិច្ចការ​នគរបាល​ក​ម្ពុ​ជា​យើង គឺ​ដើម្បី​​រៀបចំ​នូវ​ផែនការ​សហប្រតិបត្តិកា​រ​ជាក់លាក់ ទាក់ទង​ទៅនឹង​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​នគរបាល​គឺជា​អ្វីដែល​យើង​បានស្នើ​ទៅកាន់​ទូត​សហព័ន្ធ​អាល្លឺម៉ង់​កាល​ពី​​អាណ​តិ្ត​មុន​។​

​សម្តេច​បាន​មានប្រសាសន៍​បន្តថាៈ សូម​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​លោក STEFAN MESSERER និង​សហការី​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ចូលរួម​ក្នុង​ពិធី​ដ៏​មាន​សារសំខាន់​។ នេះ​ជាការ​បញ្ជាក់​ឱ្យឃើញ​អំពី​ឆន្ទៈ និង​បំណង​ដ៏​ល្អ ក្នុងការ​ជ្រោង​ជ្រែង ដល់​ការកសាង​ធនធានមនុស្ស​លើ​វិស័យ នគរបាល​នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា សមិទ្ធផល​សំខាន់ៗ​ដែល​ត្រូវ​បានដាក់​សម្ពោធ នាពេលនោះ​រួមមាន ផ្លូវ​បេតុង​ប្រវែង​២.០៣០​ម៉ែត្រ ប្រព័ន្ធ​លូបង្ហូរទឹក​ប្រវែង​៥៥០​ម៉ែត្រ គំនូស​និង​ផ្លាក​សញ្ញា ចរាចរណ៍ ដែលជា​អំណោយ​របស់ លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​, អគារ​ស្នាក់នៅ​មួយ​ខ្នង ទូ​ដាក់ សម្ភារៈ​ចំនួន​១៦០​ទូ គ្រែ​ដេក​២​ជាន់​ចំនួន​៨០ ជា​អំណោយ​របស់លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ,​អគា​ស្នាក់នៅ​មួយ​ខ្នង ទូរ​ដាក់​សម្ភារៈ​ចំនួន​១៦០​ទូរ គ្រែ​ដេក​ពី​ជាន់ ចំនួន ៨០ គ្រែ​ជា អំណោយ​របស់ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​តារាង​បាល់ទាត់ សួនច្បារ សួន​រុក្ខជាតិ រុក្ខវិថី ឡ​ដុត​សំរាម​ព្រមទាំង​សម្ភារៈ​គាំទ្រ​មួយចំនួនទៀត ដែលជា​អំណោយ​របស់​សប្បុរសជន​នានា​។ បន្ថែម​លើ​សមិទ្ធផល​ដែល​បាន​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​នៅពេលនេះ លោក ជា សុ​មេធី អភិបាល ខេត្តព្រៃវែង បានសម្រេច​ជួយឧបត្ថម្ភ​អគារសិក្សា​មួយ​ន្លែ​ង និង​បំពាក់​សម្ភារៈ​ក្នុងតម្លៃ​ទឹក ប្រា​ក់ជាង ២៣​ម៉ឺន​ដុល្លារ ដល់​សាលា​នគរបាល​ភូមិភាគ​២បន្ថែមទៀត​៕​