សន្ដិសុខសង្គម

ជិះម៉ូតូដឹកកូនតូច២នាក់ពេលដួលខ្ទាតចេញត្រូវរថយន្តកិនក្មេងស្លាប់ម្នាក់

ភ្នំពេញ​៖ស្ត្រីម្នាក់បាន​ជិះម៉ូតូដឹកកូនតូច២នាក់ត្រូវរថយន្តធំបើកមកពីក្រោយកៀរ ម៉ូតូក៏បានដួលខ្ទាតកូនអាយុ៤ឆ្នាំចូលក្រោមកង់បណ្តាលឱ្យកិនស្លាប់ម្នាក់។ហេតុការណ៍​នេះបានកើតឡើងនៅផ្លូវបេតុងក្នុងភូមិព្រៃល្វា​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

ស្ត្រីជាម្តាយឈ្មោះស្រេង​ ស្រីតូច​ អាយុ២៣ឆ្នាំ​ ស្នាក់នៅភូមិសង្កាត់ខាងលើ។ប្តីឈ្មោះ​ ចេក​ ពន្លក​ ធ្វើជាងពិតាន ​មានកូន៤នាក់​ ចំណែកក្មេងរងគ្រោះឈ្មោះ​ ចេក​ ពន្លឺ​ អាយុ៤ឆ្នាំ ជាកូនទី៣។

នាងរងគ្រោះបានឱ្យដឹងថា​ មុនកើតហេតុ ប្តីបានទូរសព្ទឱ្យទៅយកលុយនៅកន្លែងធ្វើការ។នាងក៏ជិះម៉ូតូដឹកកូនតូច២នាក់ ​ម្នាក់អាយុជាង១ខួបនិងម្នាក់ទៀតអាយុ៤ឆ្នាំ​ ។កូនច្បងអង្គុយក្រោយឱបប្អូនតូចនៅកណ្តាល​។មកដល់កន្លែងខាងលើ ស្រាប់តែមានរថយន្តស្ទូចបើកមកពីក្រោយកៀរម៉ូតូបណ្តាលឱ្យរអិលភក់ដួល ខ្ទាតកូនច្បងចូលក្រោមរថយន្តកិនស្លាប់​តែម្តង ហើយរថយន្តបានបើករត់បាត់​។ភ្លាមនោះសមត្ថកិច្ចចុះអន្តរាគមន៍ជួយឆែកកាមេរ៉ាដើម្បីស្រាវជ្រាវតាមចាប់រថយន្តបង្កយកមកដោះស្រាយតាមច្បាប់៕