សន្ដិសុខសង្គម

ចាប់វៀតណាមម្នាក់ករណីលួចកាច់សោយកម៉ូតូបុគ្គលិកកាស៊ីណូ

ដោយ៖វិចិត្រ

ស្វាយរៀង៖សមត្ថកិច្ចក្រុងបាវិតបានស្រាវជ្រាវចាប់ជនសង្ស័យជាតិវៀតណាមម្នាក់ ពាក់ព័ន្ធលួចកាច់សោម៉ូតូរបស់បុគ្គលិកកាស៊ីណូក្នុងក្រុងបាវិត។ករណីចាប់ខ្លួននៅតាមផ្លូវជាតិលេខ១ មុខកាស៊ីណូពិភពថ្មី ស្ថិតក្នុងភូមិបាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី៧ ខែមិថុនា។

                                                                  ម៉ូតូរបស់ជនរងគ្រោះ

មន្ត្រីនគរបាលក្រុងបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ង្វៀង ជុងហៀប អាយុ៣៩ឆ្នាំ នៅភូមិភឿកឡើយ ខេត្តតៃនិញ ប្រទេសវៀតណាម។

ចំណែកម្ចាស់ម៉ូតូឈ្មោះ ថាន់ រ៉ាឌី អាយុ២៥ឆ្នាំ ជាបុគ្គលិកកាស៊ីណូ ស្នាក់នៅបន្ទប់ជួលក្នុងភូមិបាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀង។ម៉ូតូដែលជនសង្ស័យលួចយកទៅម៉ាកហុងដាឌ្រីម ឆ្នាំ២០២២ ផ្លាកលេខស្វាយរៀង1S-3249។

ក្រោយពីទទួលបណ្តឹងសមត្ថកិច្ចបានស្រាវជ្រាវ និងពិនិត្យមើលតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ក៏កំណត់បានមុខសញ្ញាចោរលួច។

ពេលកម្លាំងនគរបាលប៉ុស្តិ៍ចេញល្បាតក៏ប្រទះឃើញបុរសម្នាក់មានភិនភាគដូចក្នុងកាមេរ៉ាកំពុងដើរតាមផ្លូវជាតិលេខ១ ហើយក៏នាំយកទៅប៉ុស្តិ៍រដ្ឋបាលដើម្បីសាកសួរ។ជនសង្ស័យឈ្មោះ ង្វៀង ជុងហៀប បានសារភាពថា ខ្លួនបានលួចកាច់សោយកម៉ូតូគេពិតប្រាកដមែន។សមត្ថកិច្ចបាននាំជនសង្ស័យទៅផ្ទះរបស់គេលាក់ទុកម៉ូតូដែលលួចយកទៅ ហើយបានកសាងសំណុំរឿងដើម្បីបញ្ជូនបន្ត៕