សន្ដិសុខសង្គម

កំពុងបើកបរស្រាប់តែងោកមួយភាំង រថយន្តធ្លាក់ពីផ្លូវ បណ្ដាលឲ្យស្លាប់ម្នាក់និងរបួស១០នាក់

ដោយ៖កំចាយ

កែប៖ កុមារាម្នាក់បានស្លាប់ និងក្មេងចាស់ប្រុសស្រី១០នាក់ទៀតរងរបួសធ្ងន់ស្រាលដោយសារ​អ្នកបើកបររថយន្តងោកមួយភាំងបណ្តាលឲ្យជ្រុលចង្កូតធ្លាក់ចូលស្នាមភ្លោះ។ ហេតុការណ៍នេះ​បានកើតឡើងនៅលើដងផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប នាវេលាថ្ងៃត្រង់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។

មន្ត្រីនគរបាលក្រុងកែបបានប្រាប់ឲ្យដឹងថា នាវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែមិថុនា មានករណី​គ្រោះថ្នាក់ចរាចរ ដោយរថយន្តតាកូម៉ាមួយគ្រឿងបានជ្រុលចង្កូតធ្លាក់ចេញពីផ្លូវជាតិលេខ៣៣ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១-២២ ព្រោះតែអ្នកបើកបរងោកមួយភាំង។

ក្នុងហេតុការណ៍នេះបានបណ្តាលឱ្យកុមារាអាយុ៦ឆ្នាំម្នាក់ស្លាប់ និងក្មេងចាស់ប្រុសស្រី១០នាក់ទៀត​រងរបួសធ្ងន់ស្រាល។ ជនរងគ្រោះទាំងអស់មានលំនៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

សមត្ថកិច្ចបានបន្តថា មុនគ្រោះថ្នាក់កើតឡើង គឺរថយន្តបានបើកមកពីកើតទៅលិចដោយផ្ទុកមនុស្ស​ជាង១០នាក់។ លុះមកដល់ចំណុចកើតហេតុស្រាប់តែគេឃើញរថយន្តនោះរេចង្កូតទៅផ្នែកខាងស្តាំ​រួចធ្លាក់ចូលស្នាមភ្លោះតែម្ដង។ សមត្ថកិច្ចបានបញ្ជាក់ថា អ្នករងរបួសត្រូវបានរថយន្តនគរបាលក្រុងកែប និងរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យបង្អែកក្រោយកើតហេតុភ្លាមៗ។ ចំណែកសព សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅចាត់ចែងតាមប្រពៃណី៕