សន្ដិសុខសង្គម

ស្រ្តីម្នាក់ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលមិនដឹងមូលហេតុ

ដោយ៖វិចិត្រ

​ភ្នំពេញ​៖ស្ត្រីម្នាក់ត្រូវបានគេឃើញចងកសម្លាប់ខ្លួនមិនដឹងមូលហេតុនៅក្នុងបន្ទប់ជួលនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីម៉ោងជាង១០យប់ ថ្ងៃទី៦ ខែមិថុនា។

ម្ចាស់បន្ទប់ជួលបានឱ្យដឹងថា ស្រ្តីធ្វើអត្តឃាតឈ្មោះ គ្រី ស្រីវ៉ា អាយុ៣៨ឆ្នាំ ជាកម្មការិនីរោងចក្រ កន្លែងកំណើតនៅឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ប្រភពដដែលបានបន្តថា អត្តឃាតជនជាស្ត្រីមេម៉ាយ បានលែងលះជាមួយប្ដី៣-៤ឆ្នាំមកហើយ និងបានមកនៅជាមួយក្មួយស្រីដើម្បីចូលធ្វើការ។ប៉ុន្តែការងារនោះម្ដងមានធ្វើ ម្ដងអត់បានធ្វើ សង្ស័យអាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត។ម៉្យាងមានជំងឺប្រចាំកាយផង ទើបធ្វើឱ្យនាងសម្រេចចិត្តចូលទៅក្នុងបន្ទប់ រួចចាក់សោពីខាងក្នុងរួចចងកសម្លាប់ខ្លួនតែម្តង។

អ្នកជិតខាងបានឱ្យដឹងថា មុនមានការភ្ញាក់ផ្អើល ក្មួយស្រីបានចេញពីធ្វើការក៏បានគោះទ្វារហៅមីង។ប៉ុន្តែមិនឮឆ្លើយតប ក៏រត់ទៅប្រាប់ម្ចាស់បន្ទប់ជួលដើម្បីឱ្យជួយគាស់សោចូល។ ក្រោយគាស់សោស្រាប់តែឃើញស្ត្រីរូបនោះបានចងកស្លាប់បាត់ទៅហើយ។

បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យហើយបានបញ្ជាក់ថា នាងពិតជាស្លាប់ដោយចងកមែន រួចប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕