សន្ដិសុខសង្គម

មន្ត្រីជំនាញដកហូតនិងដុតកម្ទេចចោលផលិតផលខូចគុណភាពប្រមាណ៦តោន

ដោយ៖វិចិត្រ

ភ្នំពេញ៖រយៈពេល១សប្តាហ៍ មន្ត្រីក.ប.ប.បានរកឃើញ,ដកហូតនិងដុតកម្ទេចចោលផលិត ផលសាច់បង្កកខូចគុណភាព និងផលិតផលមិនអនុវត្តតាមការណែនាំប្រមាណ៦តោន។

មន្ត្រីអធិការកិច្ចម្ហូបអាហារបានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមិថុនា គឺសប្តាហ៍ទី១នៃខែមិថុនានេះ មន្ត្រីនៃសាខាក.ប.ប.ខេត្តកណ្តាល-ខេត្តបន្ទាយមានជ័យនិងអាជ្ញាធរពាក់ព័ន្ធបានឃាត់មធ្យោបាយដឹកជញ្ជូនផលិតផលសាច់បង្កក។ក្នុងនោះមានស្លាបមាន់ចំនួន១.៥០០គីឡូក្រាម-ប្រហិតសាច់មាន់-សាច់គ្រឿងក្នុងជ្រូក-ត្រីសាបាក់និងគ្រឿងសមុទ្រចំនួន៤.៤៤១គីឡូក្រាម សរុបចំនួន៥.៩៤១គីឡូក្រាម ដែលនាំចូលមកកម្ពុជាតាមច្រកនានាក្នុងខេត្តទាំង២ខាងលើ។

ផលិតផលបង្កកទាំងនោះមន្ត្រីជំនាញបានពិនិត្យឃើញមិនមានគុណភាពស្របតាមបទដ្ឋានបច្ចេកទេស រក្សាទុកមិនបានត្រឹមត្រូវ មានក្លិនស្អុយ មានបាក់តេរី និងមិនមានឯកសារនាំចូលដែលមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានឯកភាព យកដុតកម្ទេចចោលនៅតាមទីតាំងដែលបានកំណត់។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៣កន្លងទៅ មន្ត្រីជំនាញនៃសាខាក.ប.ប.ខេត្តត្បូងឃ្មុំ-មន្ត្រីអគ្គនាយកដ្ឋានគយនិងរដ្ឋាករខេត្តបានឃាត់រថយន្តដឹកផលិតផលសាច់បង្កកខូចគុណភាពចំនួន១.០៧៣គីឡូក្រាម ហើយយកដុតកម្ទេចចោល។ដូចគ្នានេះសាខាក.ប.ប.ខេត្តកែប-កំពង់ស្ពឺ-បន្ទាយមានជ័យ-រតនគិរីនិងរាជធានីភ្នំពេញ បានបន្តឃ្លាំមើលលើទីផ្សារតាមរយៈការ ត្រួតពិនិត្យយ៉ាងហ្មត់ចត់ទំនិញហូបចុក ទំនិញវេចខ្ចប់គ្រប់ប្រភេទ។

ជាលទ្ធផលមន្ត្រីក.ប.ប.បានរកឃើញនិងដកហូតទំនិញចម្រុះខូចគុណភាព សរុបចំនួន ១២១,៣៦គីឡូក្រាម រួមទាំងបង្គាមានចាក់ចាហួយចំនួនជាង៧គីឡូក្រាម និងបានបន្តអប់រំអាជីវករ អំពីច្បាប់ឱ្យបានយល់ដឹងចូលរួមអនុវត្តដើម្បីចៀសពីការខុសច្បាប់៕