សន្ដិសុខសង្គម

បង្ក្រាប​ទីតាំង​ម៉ាស្សា​​ ឃាត់ខ្លួន​មេការម្នាក់ និង​នាងៗបម្រើកម្សាន្ត​ច្រើន​នាក់

​ដោយ៖វិចិត្រ

ភ្នំពេញ៖កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ជាមួយអាជ្ញាធរខណ្ឌ បានចុះបង្ក្រាបទីតាំង​​ម៉ាស្សា​បង្កប់​​សេវា​បម្រើ​​ផ្លូវភេទ ដោយឃាត់ខ្លួនស្ត្រី៥នាក់និងមេការម្នាក់។ករណីនេះធ្វើឡើងនៅទីតាំងម៉ាស្សាយីហោ “ម៉ាក់ស្រីកា” ម្តុំបុរីញ៉ូថោន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង១១យប់ ថ្ងៃទី៦ ខែមិថុនា។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ការបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាបម្រើផ្លូវភេទនេះ សមត្ថកិច្ចបានឃាត់ខ្លួន​ស្រី្ដ​បម្រើសេវា​កម្សាន្តផ្លូវភេទ​ចំនួន​៥​នាក់ ជា​អនីតិជន​២​នាក់ មានទាំង​មេការ​ម្នាក់​ផង ហើយត្រូវ​​បញ្ជូន​ទៅ​ឱ្យផ្នែក​ជំនាញ​។ ចំណែក​វត្ថុ​តាង​ដែល​ត្រូវ​ដកហូត​មាន៖ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ធូ​ដេ ផ្លាក​លេខភ្នំពេញ​1KE-4685 និង​ទូរសព្ទជាច្រើនគ្រឿង​។

ពេលឆែកឆេររកឃើញស្រោមអនាម័យដែលប្រើរួចជាច្រើនវេចខ្ចប់ក្នុងថង់ត្រូវបានប្រមូលទុកជាភស្តុតាងដើម្បីកសាងសំណុំរឿង។ក្រោយមកស្ត្រីទាំង៥នាក់និងមេការម្នាក់ត្រូវបញ្ជូន បន្តតាមនីតិវិធី។ចំណែកទីតាំងផ្ទះម៉ាស្សាត្រូវចាក់សោបិទជាបណ្ដោះអាសន្ន៕