សន្ដិសុខសង្គម

កូនស្រី២នាក់យំបោកខ្លួនពេលចេញពីធ្វើការបើកទ្វារបន្ទប់ឃើញម្តាយស្លាប់

ដោយ៖វិចិត្រ

ភ្នំពេញ៖គួរឱ្យអាសូរខ្លាំងណាស់ ក្មេងស្រី២នាក់បានយំបោកខ្លួន ពេលចេញពីធ្វើការរោងចក្រមកដល់​បើកទ្វារបន្ទប់ ស្រាប់តែឃើញម្តាយស្លាប់មិនដឹងពីថ្មើរណា ស្រណោះមិនទាន់ដង្ហើមម្តាយ។ហេតុការណ៍ខាងលើបានកើតឡើងនៅបន្ទប់ជួល ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី៦ ខែមិថុនា។

កូនស្រី២នាក់យំបោកខ្លួនពេលចេញពីធ្វើការបើកទ្វារបន្ទប់ឃើញម្តាយស្លាប់

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះ សៅ សៀន អាយុ៦២ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនស្រី២នាក់ ស្នាក់នៅបន្ទប់ជួលខាងលើ កន្លែងកំណើតភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

កូនស្រីសពបានឱ្យដឹងថា ពួកខ្លួនមកធ្វើការរោងចក្រឯភ្នំពេញ។ចំណែកម្តាយនៅស្រុកគ្មានអ្នកមើលថែ ក៏យកគាត់មកស្នាក់នៅជាមួយ ព្រោះគាត់មានជំងឺបេះដូង។

ពួកនាងបានបន្តថា៖ កាលពីវេលាថ្ងៃត្រង់បាយជុំគ្នា ហើយនាំគ្នាទៅធ្វើការវិញទុកឱ្យម្តាយនៅចាំបន្ទប់ ។ពេលត្រឡប់មកពីរោងចក្រវិញពេលបើកទ្វារស្រាប់តែឃើញម្តាយស្លាប់មិនដឹងថ្មើរណា ធ្វើឱ្យពួកនាងស្លុតចិត្តដោយមកមិនទាន់ដង្ហើមម្តាយ។អ្នកខាងកើតក្តីសង្វេគនិងអាណិតពន់ពេកក៏បានចូលជាបច្ច័យខ្លះៗផងដែរ។

សពត្រូវបានមន្ត្រីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ ហើយជួយធ្វើឯកសារមរណភាព និងដឹកតាមរថយន្តរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងយកទៅធ្វើបុណ្យឯស្រុកកំណើត៕