សេដ្ឋកិច្ច

អ្នកស្ទឹងត្រែងកំពុងនាំគ្នាដកផ្សិតអន្សោងនិងផ្សិតក្ងោកដុះក្នុងព្រៃមកលក់នៅតាមផ្សារ

ដោយ៖សុខុម

ស្ទឹងត្រែងៈអ្នករស់នៅតាមជនបទ ក្នុងខេត្តស្ទឹងត្រែងនៅតំបន់ខ្លះបាននាំគ្នាដើរដកផ្សិតដែលដុះពីធម្មជាតិនៅតាមព្រៃយកមកធ្វើម្ហូបទទួលទាននិងលក់បន្តនៅលើទីផ្សារដើម្បីបង្កើនប្រាក់ចំណូលបន្ថែមដល់ជីវភាពគ្រួសារ។ ផ្សិតដែលអ្នកខេត្តស្ទឹងត្រែងពេញនិយមដកយកមកធ្វើម្ហូបនិងលក់ភាគច្រើនគឺជាប្រភេទផ្សិតក្ងោកនិងផ្សិតអន្សោង…។ស្ត្រីអ្នកលក់ផ្សិតនៅផ្សារសាមគ្គីខេត្តស្ទឹងត្រែងបានប្រាប់Cambodia Flash News ឲ្យដឹងថាក្នុងពេលភ្លៀងធ្លាក់ នារដូវវស្សា តំបន់ព្រៃធម្មជាតិមួយចំនួនគឺផ្សិតក្ងោក ផ្សិតអន្សោងវាបានដុះចេញពន្លកនៅតាមព្រៃរបោះដីល្បាយខ្សាច់និងដុះចេញពីដីក្រោមស្លឹកឈើជ្រុះ។

ផ្សិតទាំងពីរប្រភេទខាងលើនេះមួយឆ្នាំគឺមានដុះតែម្ដងទេជាពិសេសគឺគេឃើញសំបូរច្រើននៅក្នុងខែមិថុនា។ ពេលវាដុះអ្នកជនបទតែងតែនាំគ្នាប្រមូលផលផ្សិតក្ងោកនិងផ្សិតអន្សោងដែលកំពុងសម្បូរខ្លាំង ដុះនៅតាមព្រៃរបោះព្រៃឈើសហគមន៍យកមកធ្វើម្ហូបទទួលទាន។

លើសពីនោះផ្សិតដែលពួកគាត់ប្រមូលផលបាន មួយចំនួនត្រូវបាននាំយកទៅលក់នៅលើទីផ្សារ ហើយនៅសេសសល់ទុកសម្រាប់បរិភោគខ្លួនឯង។

បើលក់នៅលើទីផ្សារតម្លៃ ១គីឡូក្រាមមុនដំបូង២ម៉ឺនរៀល។ ប៉ុន្តែពពួកផ្សិតទាំងអស់នោះគេមិនអាចរក្សាទុកវាបានយូរទេ វានឹងរលួយចោល។ហេតុដូចនេះទើបអ្នកផ្សារគេទិញតិចតួចល្មមទុកគ្រាន់បរិភោគនិងលក់បន្ត។

គេបានសម្គាល់តៗគ្នាមកថា ផ្សិតពណ៌លឿងគឺ ជាផ្សិតអន្សោង រីឯពណ៌សជាផ្សិតក្ងោក។វាដុះផុសចេញពីដីនៅពេលរដូវភ្លៀងធ្លាក់តាមព្រៃរបោះចេញជារូបរាងពីដំបូងរាងមូលរួច ទៅមានរាងដូចជាឆត្រដុះជាប់នឹងដី។

អ្នកខេត្តស្ទឹងត្រែងពេញនិយមយកផ្សិតទាំងនេះមកលាងទឹកសម្អាតសម្រាប់កែច្នៃធ្វើជាមុខម្ហូបផ្សេងៗមានដូចជាយកលាយជាមួយគ្រឿងនិងត្រីហើយខ្ចប់ស្លឹកចេកដុតឬអាំង ស្លម្សៅ ឆាជាមួយប្រេងខ្យងឬខ្លាំញ់ជ្រូកទៅតាមចំណង់ចំណូលចិត្តរបស់អ្នកនិយមទទួលទានរៀងៗខ្លួន៕