សន្ដិសុខសង្គម

រន្ទះបាញ់មនុស្សស្លាប់ម្នាក់,របួស៤នាក់និងងាប់គោ៤ក្បាលនៅខេត្តសៀមរាប

ដោយ៖រតនា

អាជ្ញាធរស្រុកពួក ចម្ងាយប្រមាណ១៨គីឡូម៉ែត្រ ភាគខាងលិចនៃទីរួមខេត្តសៀមរាបបាន ឱ្យដឹងថាយ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់និងរបួស៤នាក់ ព្រមទាំងសត្វគោចំនួន៤ក្បាលទៀតបានងាប់ ដោយសារតែរន្ទះបាញ់ កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៣។

អាជ្ញាធរបានឱ្យដឹងទៀតថា គ្រោះធម្មជាតិរន្ទះបាញ់នេះ បានកើតឡើងនៅបីទីតាំងផ្សេងៗគ្នា ក្នុងពេលតែមួយ គឺនៅឃុំមុខប៉ែននិង ឃុំសសរស្ដម្ភ របស់ស្រុកពួក ក្នុងខណៈពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងមានខ្យល់កន្ត្រាក់ ផ្គររន្ទះលាយឡំគ្នាផងនោះ។

ជនរងគ្រោះ ដោយសាររន្ទះបាញ់ នៅភូមិត្រកៀត ឃុំមុខប៉ែន បណ្ដាលឲ្យរងរបួស៤នាក់និងស្លាប់១នាក់ ខណ:ពេលពួកគាត់កំពុងភ្ជួរស្រែព្រោះស្រូវ។ចំណែកនៅ ភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួកវិញ រន្ទះបានបាញ់សត្វគោនៅវាលស្រែទំនប់៧៨ បណ្ដាលឱ្យសត្វគោធំចំនួន៣ក្បាល(ញី ២ឈ្មោល១ក្បាល)ងាប់។នៅភូមិគោកត្លាត ឃុំសសរស្ដម្ភ រន្ទះបានបាញ់សត្វគោ នៅចំណុចវាលស្រែថ្នល់ចាស់ខាងត្បូងភូមិចម្ងាយប្រហែល ៥០០ម៉ែត្របណ្ដាលឲ្យសត្វគោញីធំ ១ក្បាលងាប់។

សូមបញ្ជាក់ថាក្នុងរយៈពេលជាង១សប្ដាហ៍មកនេះ គ្រោះធម្មជាតិរន្ទះបាញ់ បានធ្វើឱ្យមនុស្សចំនួន៧នាក់ហើយបានស្លាប់និងរបួសនៅខេត្តសៀមរាប។

កាលពីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣កន្លងទៅយុវជនពីរនាក់នៅភូមិបង្កោង ឃុំអំពិលនិងនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង បានស្លាប់ភ្លាមៗដោយសាររន្ទះបាញ់នៅពេលដែលជនរងគ្រោះទាំងពីរនាក់កំពុងដើរឆ្លុះកង្កែបនិងឆ្លុះហ៊ីងនៅតាមទីវាល៕