សន្ដិសុខសង្គម

តុលាការឃុំខ្លួនដាក់គុកមេខ្លោងកែនពលរដ្ឋកាប់រានព្រៃយកដីរាប់ពាន់ហិកតា

ដោយ៖សុខុម

ស្ទឹងត្រែង៖ករណីកាប់រុករានព្រៃយកដីរដ្ឋខុសច្បាប់រាប់ពាន់ហិកតា នៅម្តុំអូរប្រាំដំឡឹង ស្ថិតក្នុងច្រករបៀងអភិរក្សជីវចម្រុះតំបន់ការពារគ្រប់គ្រងដោយក្រសួងបរិស្ថាននោះ តុលាការបានឃុំខ្លួនមេខ្លោងម្នាក់កាលពីកន្លងទៅ។

ប៉ុន្តែទោះមានការឃុំខ្លួនមេខ្លោងក្តី ពលរដ្ឋរាប់រយគ្រួសារដែលចាញ់ឃោសនាតាមមេខ្លោងខាងលើ​នៅបន្តកាប់ទន្រ្ទានរុករានព្រៃយ៉ាងអនាធិបតេយ្យធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដដែលមិនទាន់ចាកចេញអស់នៅឡើយទេ។ កាលពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែមិថុនា កម្លាំងអាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ បានចុះអប់រំណែនាំដល់ពលរដ្ឋសាជាថ្មី តម្រូវឱ្យអ្នកពាក់ព័ន្ធដីព្រៃខុសច្បាប់ចាកចេញជាបន្ទាន់ បើពុំនោះទេនឹងអនុវត្តតាមច្បាប់ដោយមិនមានការយោគយល់ឡើយ។

លោក ស្រេងជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានឱ្យអ្នកសារព័ត៌មានដឹងកាលពីថ្ងៃទី៥ ខែមិថុនាថា ដីព្រៃក្នុងដែនអភិរក្សជីវៈចម្រុះតំបន់ការពារដោយក្រសួងបរិស្ថាននោះមានទំហំ​រាប់រយរាប់ពាន់ហិកតាត្រូវពលរដ្ឋមកពីតាមខេត្តនានាបានកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ។ពលរដ្ឋទាំងនោះមកពីខេត្តព្រះវិហារ-រតនគិរី-មណ្ឌលគិរី-តាកែវ-កណ្ដាល-កំពង់ធំ-ព្រៃវែង- កំពង់ស្ពឺ-កំពង់ចាម-ត្បូងឃ្មុំនិងខេត្តស្វាយរៀង។

លោកប្រធានមន្ទីរបានបន្ដថា កន្លងមកក្រុមការងារបានចុះបង្ក្រាបនិងឃាត់ខ្លួនមេខ្លោងម្នាក់ឈ្មោះ អ៊ិន ភុំ អាយុ៤៥ឆ្នាំ នៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បញ្ជូនទៅតុលាការដាក់គុកបណ្តោះសន្នកាលពីខែមីនា។ ឈ្មោះអ៊ិនភុំនេះបានកែនពលរដ្​ឋរាប់រយគ្រួសារ មកកាប់រានដីព្រៃរបស់រដ្ឋ  ត្រូវបានតុលាការផ្ដន្ទាទោសតាមមាត្រា៦២នៃច្បាប់​ស្ដីពីតំបន់ការពារធនធានធម្មជាតិ៕