សន្ដិសុខសង្គម

លិចទូកកណ្តាលទន្លេបណ្តាលឱ្យក្មេងអាយុទើប៥ខែឈ្លក់ទឹកស្លាប់

ដោយ៖សុខុម

ស្ទឹងត្រែង៖ស្រ្តីជាម្តាយបានបើកទូកដឹកកូនស្រី២នាក់ចេញពីចម្ការលើដីកោះបំណងទៅផ្ទះ។ស្រាប់តែជួបគ្រោះថ្នាក់ដោយលិចទូកនៅកណ្តាលទន្លេ ម្តាយសង្រ្គោះកូនស្រីច្បងម្នាក់ រីឯកូនស្រីពៅអាយុទើប៥ខែបានឈ្លក់ទឹកស្លាប់។ឧបទ្ទវហេតុនោះបានកើតឡើងនៅភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៣។

លោក ថា ប៉ូសា នាយប៉ុស្តិ៍រដ្ឋបាលឃុំអូរម្រះបានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមិថុនាថា មុនកើតហេតុ មានស្ត្រីម្នាក់បានបើកទូកដឹកកូនស្រី២នាក់ចេញពីចម្ការហើយបានលិចទូក។

ស្រ្តីជួបគ្រោះថ្នាក់នោះឈ្មោះ បួន ឆន អាយុប្រហែល២៥ឆ្នាំ ជិះទូកប្រភេទស្មាច់ម៉ាស៊ីនកម្លាំង២៥សេះ។នៅពេលស្រ្តីនោះបញ្ជាម៉ាស៊ីនឡើងបញ្រ្ចាសទឹកហូរខ្លាំង ហើយទូកមានសភាពស្រាលផង​ក៏ក្រឡាប់តែម្តង។ពេលនោះស្រ្តីជាម្តាយតែម្នាក់ឯងជួយបានតែកូនស្រីច្បងអាយុ៥ឆ្នាំប៉ុណ្ណោះ។ចំណែកកូនស្រីតូចអាយុទើបនឹង៥ខែជួយមិនទាន់ក៏បានស្លាប់។ចំណែកប្តីរបស់នាងមិនបានរួមដំណើរមកជាមួយនៅក្នុងទូកនោះទេ៕