សន្ដិសុខសង្គម

ថៅកែឱ្យបើកម៉ូតូសណ្តោងរ៉ឺម៉កទិញអេតចាយ បើកយកគេចខ្លួនបាត់

ភ្នំពេញ​៖កម្លាំងនគរបាលខណ្ឌដង្កោបានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ ករណីថៅកែឱ្យបើក​ម៉ូតូសណ្តោងរ៉ឺម៉កដើរទិញអេតចាយ ហើយក៏បើកយកគេចខ្លួនបាត់។

មន្ត្រីនគរបាលបានឱ្យដឹង​ថា ជនសង្ស័យឈ្មោះ ធឹម សឹមផាន ហៅ វ័ន្ត អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ  ខេត្តកណ្តាល មានសារធាតុញៀន។ម្ចាស់ឈ្មោះ យ៉ែម ប៊ុនថន អាយុ៤១ឆ្នាំ មុខរបរទិញអេតចាយនៅភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅ នៅឃ្លាំងទិញអេតចាយមួយស្ថិតក្នុងភូមិ​ព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ ម្ចាស់ឈ្មោះ យ៉ែម ប៊ុនថន បានទូរសព្ទហៅជនសង្ស័យឈ្មោះ ធឹម សឹមផានឱ្យបើកម៉ូតូម៉ាកស៊ីរ៉ូស គ្មានផ្លាកលេខសណ្តោងរ៉ឺម៉កចេញពីឃ្លាំងទៅទិញអេតចាយ។

ជនសង្ស័យក៏បានបើកម៉ូតូសណ្តោងរ៉ឹម៉កទៅបាត់មិនឃើញមកវិញ។ រហូតដល់ថ្ងៃទី២៣ ខែឧសភា ទើបជនរងគ្រោះប្រាប់សមត្ថកិច្ចដោយដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកចាត់ការតាមច្បាប់។លុះដល់ថ្ងៃទី៤ ខែមិថុនា ស្រាប់តែម្ចាស់រ៉ឺម៉ក ឃើញជនសង្ស័យនៅម្តុំភូមិដើមមៀនក្រុងតាខ្មៅ ខេត្តកណ្តាល ក៏បានឃាត់ខ្លួនយកប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង៕