សន្ដិសុខសង្គម

ក្រោយបរិភោគបុរសម្នាក់បានស្លាប់សង្ស័យពុលត្រីក្រពត

ដោយ៖វិចិត្រ

បន្ទាយមានជ័យ៖បុរសម្នាក់ក្រោយបរិភោគត្រីក្រពតអស់ចំនួន៤ក្បាល មានអាការក្អួតចង្អោរ​ទន់ដៃទន់ជើង ត្រូវក្រុមគ្រួសារដឹកទៅមន្ទីរពេទ្យ តែបានស្លាប់តាមផ្លូវនៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី៤ ខែមិថុនា។

មន្ត្រីនគរបាលស្រុកភ្នំស្រុកបានឱ្យដឹងថា បុរសដែលបាត់បង់ជីវិតឈ្មោះ ថោក ភើយ អាយុ ៥៧ឆ្នាំ នៅភូមិរង្វាន ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ប្រភពដដែលបានបន្តថា មុនកើតហេតុ ជនរងគ្រោះបានសុំត្រីក្រពតពីឈ្មោះ ពេក ស៊ុយ អាយុ៥៨ឆ្នាំ នៅភូមិឃុំជាមួយគ្នាចំនួន៤ក្បាលយកមកអាំងហូបនៅផ្ទះតែម្នាក់ឯង។

ក្រោយពីហូបរួចបុរសរូបនោះមានអាការក្អួតចង្អោរ ទន់ដៃទន់ជើង ត្រូវប្រពន្ធឈ្មោះ ផន ភាព អាយុ៥៥ឆ្នាំ បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យស្រុក។ដោយពិនិត្យឃើញស្ថានភាពធ្ងន់ធ្ងរពេក គ្រូពេទ្យបានបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។ពេលកំពុងដឹកអ្នកជំងឺតាមផ្លូវ ជនរងគ្រោះក៏បានដាច់ខ្សល់ស្លាប់តែម្តង។ករណីនេះផ្នែកជំនាញបានសន្និដ្ឋានថា​សង្ស័យបណ្តាលមកពីពុលត្រីក្រពតដែលបុរសនោះបានបរិភោគ៕