សន្ដិសុខសង្គម

ក្របួចបានជនសង្ស័យលួចគោអ្នកស្រុកពន្លះយកតែសាច់ភ្លៅបញ្ជូនទៅតុលាការ

ដោយ៖សុខុម
ស្ទឹងត្រែង៖សមត្ថកិច្ច នគរបាលស្រុកសេសានត្រៀមបញ្ជូនខ្លួនជនសង្ស័យចោរលួចគោវះយកសាច់ទៅ តុលាការនៅព្រឹកថ្ងៃទី៥ មិថុនា ក្រោយពីចាប់ខ្លួនបានកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នៅឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែង។

លោកវរសេនីយ៍ឯក ទេស ភាលាភ អធិការនគរបាលស្រុកសេសានបានឲ្យដឹងថា ប្រជាពលរដ្ឋបានប្តឹងទៅនគរបាលស្រុកសេសានពីករណីបាត់គោ ហើយប្រទះឃើញសត្វគោ ត្រូវគេសម្លាប់វះយកតែសាច់ភ្លៅ។ក្រោយទទួលបានដំណឹងនេះ កម្លាំងប៉ុស្ដិ៍នគរបាលកំភុន សហការជាមួយប្រជាការពារ ក្រោមការដឹកបញ្ជាពីជំនាញព្រហ្មទណ្ឌស្រុកសេសាន បានឃាត់ជនសង្ស័យឈ្មោះ ឡុងហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ស្រុកកំណើតភូមិត្រពាំងខ្ចៅ ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្នរស់នៅភូមិអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលដឹកសាច់គោច្រកការុងតាមម៉ូតូសំដៅចេញទៅលក់នៅអូរពងមាន់ ។


លោកអធិការបន្តថា កម្លាំងដកហូតវត្ថុតាងរួមមាន សាច់គោ៣ភ្លៅ ម៉ូតូស្មាស់១គ្រឿងគ្មានលេខ កាំបិតដងជ័រពណ៌ស ស្រោមពណ៌ខៀវ កាំបិតហាន់បន្លែដងជ័រពណ៌ខ្មៅ ពូថៅ១ ខ្សែចងគោពណ៌ស៣ខ្សែ ការុង៣ ថង់ប្លាស្ទិចធំ១ និងទូរសព្ទម៉ាកNava មួយគ្រឿង។

ក្រោយពីសាកសួរជននោះបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចវះយកសាច់គោរបស់គេ​ពិតប្រាកដមែន។កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសេសានត្រៀមកសាងសំណុំរឿង​និងបញ្ជូនទៅការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋានគរបាលខេត្តចាត់ការបន្តទៅតុលាការ​តាមនីតិវិធី៕