សន្ដិសុខសង្គម

ជនសង្ស័យសម្លាប់កាត់ក្បាលចិននៅកំពង់ចាមជាង១ខែមុនចាប់បាន៣នាក់នៅសៀមរាប

ដោយ៖សុខុម

សៀមរាបសមត្ថកិច្ចជំនាញស៊ើបអង្កេតបានស្រាវជ្រាវរឿងឃាតកម្មសម្លាប់ជនជាតិចិនម្នាក់ដោយកាត់ក្បាលនៅទឹកដីខេត្តកំពង់ចាមកាលពីជាង១ខែមុនដោយឥឡូវនេះចាប់បានបាន៣នាក់នៅខេត្តសៀមរាប ថ្ងៃទី២ខែមិថុនាឆ្នាំ២០២៣។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ខែមេសា ឆ្នាំ២០២៣ មានករណីឃាតកម្ម ដ៏ភ្ញាក់ផ្អើលមួយដោយគេបានប្រទះឃើញសាកសពអត់ក្បាលនៅកណ្តាលវាលស្រែ ក្នុងភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្រោយពីហេតុការណ៍នេះបានកើតឡើង នាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានចាត់កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ចុះដឹកនាំកម្លាំងជំនាញ និងមានការចូលរួមសហការ ជាមួយនគរបាលខេត្តកំពង់ចាម បើកការស៊ើបអង្កេតបន្ទាន់  ដោយកំណត់បានអត្តសញ្ញាណជនសង្ស័យចំនួន៣នាក់។ ក្រោយមកក៏ចាប់ខ្លួនបាននៅចំណុច ទ្បដុតធ្យូង ស្ថិតនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាបកាលពីថ្ងៃទី២ខែមិថុនាឆ្នាំ២០២៣។

ជនសង្ស័យជាជនដៃដល់ទាំង៣នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងទឹកដីខេត្តសៀមរាបនោះ គឺមានជាប់ពាក់ព័ន្ធករណីឃាតកម្ម កាលពីដើមខែ មេសា ឆ្នាំ២០២៣ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានបញ្ជាក់ថា ជនទាំងនោះ ទី១៖ ឈ្មោះ តាំង ចេងម៉េង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ,ទី២៖ ឈ្មោះ ហឹម លីសា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនិងទី៣៖ ឈ្មោះ ប្រាង សិទ្ធ ហៅ ហិន សិត ហៅ ហ៊ិន ជាពីសិដ្ឋ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមាន រថយន្តមួយគ្រឿងម៉ាក camry, អាវុធ អាកា ១ដើម, អាវុធ សេកាសេ ២ដើម, អាវុធ កែច្នៃ ០២ដើម និងគ្រាប់មួយចំនួន។

ជនសង្ស័យ បានសារភាពថា  កាលពីថ្ងទី២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១អធ្រាត្រ ពួកខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ ជនរងគ្រោះ ឈ្មោះ WU SONG ហៅ ស្វិត ហៅ សុង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសំណង់ ពិតប្រាកដមែន។ នៅថ្ងៃកើតហេតុដំបូង ជនរងគ្រោះជិះរថយន្តជាមួយពួកខ្លួន ចេញពីការដ្ឋាន ខេត្តពោធិ៍សាត់ ហើយដឹងថាជនរងគ្រោះ ទើបបើកប្រាក់ ពួកគេក៏មានគំនិតសម្លាប់ជនរងគ្រោះដើម្បីប្លន់យកប្រាក់នោះ។

ជនសង្ស័យ បាននិយាយពីសកម្មភាព សម្លាប់ជនជាតិចិនថាពួកគេបានយកកន្សែងរឹតករហូតជនរងគ្រោះគ្មានកម្លាំងតដៃនិងយកពូថៅកាត់ក្បាលតែម្តង។ មូលហេតុគឺក្រុមជនសង្ស័យ ខឹងនឹងជនរងគ្រោះជំពាក់ប្រាក់ថ្លៃការងារមិនសង។

ក្រោយពីធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរួចហើយ ពួកខ្លួន បានយកក្បាលច្រកចូល ក្នុងកាបូបខ្មៅមួយ ហើយយកទៅបោះចោល នៅចំណុចស្រះមួយកន្លែងស្ថិតនៅ ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែកពូថៅ យកទៅបោះចោលនៅស្ពានត្រោះ ស្ថិតក្នុងស្រុក បាធាយ ខេត្តកំពង់ចាមដើម្បីបំបាត់ភស្តុតាង។ដោយឡែកប្រាក់មួយចំនួនក្រោយពីប្លន់គឺបាននាំគ្នាយកគេចខ្លួនទៅនៅចំណុចទ្បដុតធ្យូងភូមិសាស្រ្តខេត្តសៀមរាបក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។

នៅថ្ងៃទី២មិថុនាជនសង្ស័យទាំង៣នាក់ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីបន្តនីតិវិធី។​រីឯអាវុធដែលរកឃើញមួយចំនួនបានប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕