សន្ដិសុខសង្គម

ខណ្ឌរដ្ឋបាលជលផលរឹបអូសមងល្មើសច្បាប់បានជិត៥ពាន់ម៉ែត្រ

ដោយ៖សុខុម

ស្ទឹងត្រែង៖ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានបង្រ្កាបនិងរឹបអូសឧបករណ៍ល្មើសច្បាប់ មានមងបណ្តែតនិងសន្ទូចរនង ក្នុងរដូវបិទនេសាទរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី៣០-៣១ ខែឧសភានិងថ្ងៃទី ១ខែមិថុនា ឆ្នាំ២០២៣។

លោកស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមិថុនាថា មន្រ្តីជំនាញសហការជាមួយឆ្មាំសហគមន៍និងអាជ្ញាធរដោយរឹបអូសបាន ឧបករណ៍ល្មើសច្បាប់ ដែលពលរដ្ឋដាក់ដើម្បីចាប់ត្រីក្នុងរដូវបិទនេសាទ។

ជាមួយឧបករណ៍ល្មើសដែលរឹបអូសបានមានដូចជា៖ មងបណ្ដែតប្រវែង៤.៧២០ម៉ែត្រនិងដកហូតសន្ទូចរនង​លួចដាក់ក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតចំនួន២៥០ផ្លែ។ អប់រំនិងផ្សព្វផ្សាយដល់អ្នកនេសាទចំនួន២៥នាក់។ធ្វើកិច្ចសន្យាដល់ប្រជានេសាទចំនួន១០នាក់។

អប់រំណែនាំនិងធ្វើកិច្ចសន្យាដល់អាជីវករដឹកជញ្ជូនត្រីចំនួន២នាក់ កុំឱ្យទិញផលនេសាទបានពីការនេសាទខុសច្បាប់ និងប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់។ បានរៀបចំកម្លាំងប្រចាំការនៅលើកោះសន្ទក់និងតំបន់​សំខាន់ៗមួយចំនួនពេលត្រីកំពុងចេញពីអន្លង់ដើម្បីបន្តពូជ និងរកកន្លែងពងកូន។

លោកនាយខណ្ឌបានឱ្យដឹងទៀតថា សកម្មភាពចុះល្បាតនិងប្រចាំការ គឺធ្វើទាំងយប់ ទាំងថ្ងៃ​ជាគោលបំណងការពារត្រីមេពូជធម្មជាតិពេលវាកំពុងបន្តពូជឱ្យសម្បូរឡើងវិញ៕