សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនជាតិថៃ៣នាក់ទៅតុលាការពាក់ព័ន្ធគ្រឿងញៀន

ដោយ៖វិចិត្រ

បន្ទាយមានជ័យ៖កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចាប់ជនជាតិថៃ៣នាក់សង្ស័យពាក់ព័ន្ធគ្រឿងញៀន​ ថ្ងៃទី១ ខែមិថុនា បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត រៀបចំសំណុំរឿងនាំទៅតុលាការ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យជាតិថៃ៣នាក់ដែលចាប់ខ្លួនឈ្មោះ សូ ផាគីត អាយុ៣២ឆ្នាំ-ឈ្មោះ អ៊ីត ធីផុន អាយុ២៨ឆ្នាំនិងឈ្មោះ យ៉ុត តាផុន អាយុ៣៦ឆ្នាំ។ពួកគេស្នាក់នៅបណ្តោះអាសន្នភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបន្តថា កាលពីថ្ងៃទី៣១ ខែឧសភា កម្លាំងនគរបាលក្រុង ជាមួយនគរបាលខេត្ត បានស្រាវជ្រាវឈានដល់ចាប់ជនជាតិថៃនៅកន្លែងផ្សេងគ្នាជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន។ក្នុងនោះចាប់បានវត្ថុតាងគ្រឿងញៀនចំនួន១០គ្រាប់និងម្សៅក្រាមសថ្លា១៥ថង់តូច។ក្រោយឃាត់ខ្លួនថៃ៣នាក់និងវត្ថុតាងត្រូវបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធី៕