សន្ដិសុខសង្គម

គ្រឿងមាន់ខូចគុណភាពជាង១តោនកន្លះកម្លាំងជំនាញចាប់យកដុតកម្ទេចចោល

ដោយ៖វិចិត្រ

កណ្តាល៖គ្រឿងក្នុងនិងស្លាបមាន់ខូចគុណភាពជាង១តោនកន្លះនាំចូលពីប្រទេសវៀតណាម ត្រូវសមត្ថកិច្ចជំនាញចាប់បានរួចយកដុតកម្ទេចចោល នៅស្រុកកៀនស្វាយ ខេត្តកណ្ដាលកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល ជាមួយនគរបាលស្រុកកៀនស្វាយ បានឃាត់រថយន្តមួយគ្រឿងម៉ាក SAANGYONG ផ្លាកលេខភ្នំពេញ:2BH-9510 ដឹកគ្រឿងនិងស្លាបមាន់បង្កកនៅម្តុំគល់ស្ពានក្រវាត់ក្រុងទី២ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរឈ្មោះ ឡុញ សម្បត្តិ អាយុ៣៣ឆ្នាំ នៅភូមិថ្មី ឃុំបូសឹម ស្រុករំដួល ខេត្តស្វាយរៀង និងព្រូឡាន ឈ្មោះ ស វុទ្ធី អាយុ២៨ឆ្នាំ នៅភូមិសម៉រ ឃុំបូសម៉ូន ស្រុករំដួល ខេត្តស្វាយរៀង។បន្ទាប់មកក្រុមការងារបានយកវត្ថុតាងទៅទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបណ្ដោះអាសន្ន ដើម្បីរៀបចំសំណុំរឿងយកដុតកម្ទេចចោល៕