សន្ដិសុខសង្គម

ស្ត្រីម្នាក់បើករថយន្តបុករ៉ឺម៉កដឹកកម្មកររបួស៣នាក់រួចបើករត់ សមត្ថកិច្ចតាមចាប់បាន

ដោយ៖វិចិត្រ

ភ្នំពេញ៖ស្រ្តីម្នាក់និងមានអ្នករួមដំណើរម្នាក់ផង បានបើករថយន្តបុករ៉ឺម៉កដឹកកម្មករសំណង់ពេញទំហឹង បណ្តាលឱ្យរងរបួស៣នាក់ រួចបើករត់ ត្រូវសមត្ថកិច្ចតាមចាប់បាន។គ្រោះថ្នាក់ចរចរនេះបានកើតឡើង នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រចូលថ្ងៃទី១ ខែមិថុនា។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ ក្រុមកម្មករសំណង់ជាច្រើននាក់បានជិះម៉ូតូសណ្តោងរ៉ឺម៉កតាមផ្លូវលេខ៦A ចេញពីធ្វើការទៅផ្ទះ។ លុះដល់កន្លែងខាងលើ ស្រាប់តែមានរថយន្ដព្រូសផ្លាកលេខភ្នំពេញ 2BJ-6294 បើកតាមផ្លូវលេខ៦A មកបុកម៉ូតូរ៉ឺម៉កដឹកកម្មករសំណង់ពីក្រោយពេញទំហឹង បណ្ដាលឱ្យរងរបួស៣នាក់។បន្ទាប់ពីនោះរថយន្តបង្កព្យាយាម បើករត់ តែសមត្ថកិច្ចតាមចាប់បានមកវិញ ។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍នៃអធិការនគបាលខណ្ឌជ្រោយចង្វាបានជួយអន្តរាគមន៍ដោះស្រាយ ដោយឱ្យខាងរថយន្ដចេញសំណងថ្លៃខូចខាតនិងថ្លៃព្យាលជនរងគ្រោះ៕