អន្តរជាតិ

រុស្ស៊ីថាមានការវាយប្រហារតាមយន្តហោះលើរោងចក្រប្រេងចំនួនពីរបស់ខ្លួន

ដោយ៖តុលា

អភិបាលតំបន់ Krasnodar រុស្ស៊ីបាននិយាយថា យន្តហោះគ្មានមនុស្សបើកបានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងចំនួនពីរនៅក្នុងប្រទេសរុស្ស៊ី បណ្តាលឲ្យមានអគ្គិភ័យកាលពីថ្ងៃពុធ។

មន្ត្រីក្នុងតំបន់បាននិយាយថា ការវាយប្រហារមួយក្នុងចំណោមនោះ បានបណ្តាលឱ្យមានអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេង Afipsky ស្ថិតនៅចម្ងាយប្រហែល ៥០ ម៉ាយ ប្រហែលជាង ៨០គីឡូម៉ែត្រភាគខាងកើតនៃ Novorossisk ដែលជាកំពង់ផែសមុទ្រខ្មៅ ជាកន្លែងសម្រាប់ស្ថានីយនាំចេញប្រេងដ៏សំខាន់របស់រុស្ស៊ី។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកផ្សេងទៀតបានវាយប្រហាររោងចក្រចម្រាញ់ប្រេង Ilsky ដែលស្ថិតនៅចម្ងាយប្រហែល ៤០ ម៉ាយភាគខាងកើតនៃទីក្រុង Novorossisk ។

ការវាយប្រហារដោយយន្តហោះគ្មានមនុស្សនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារដ៏កម្រមួយទៅលើទីក្រុងមូស្គូ ដែលបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងបានបំផ្លាញអគារលំនៅដ្ឋានមួយចំនួន បណ្តាលឲ្យមនុស្សពីរនាក់រងរបួស ប៉ុន្តែមិនមានអ្នកស្លាប់ទេ។

រដ្ឋាភិបាលរបស់រុស្ស៊ីបានស្តីបន្ទោសទីក្រុង Kyiv សម្រាប់ការវាយប្រហារនោះ ខណៈដែលទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនបានបដិសេធនឹងការចោទប្រកាន់ ប៉ុន្តែយ៉ាងណាលោកបានសម្តែងការរីករាយដែលបានឃើញហេតុការណ៍បែបនេះដាក់រុស្ស៊ី៕

ប្រភព៖ CNBC