សន្ដិសុខសង្គម

ជនជាតិចិនទំនងស្រវឹងបើករថយន្តបុកម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ដោយ៖វិចិត្រ

ខេត្តព្រះសីហនុ៖គ្រោះថ្នាក់ចរាចរដោយមានជនជាតិចិនម្នាក់ទំនងស្រវឹងបានបើករថយន្តបុកម៉ូតូជិះឌុបគ្នាចេញពីធ្វើការ បណ្តាលឱ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើងនៅមុខសាលាចម្ការកៅស៊ូ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ កាលពីម៉ោងជាង១០យប់ ថ្ងៃទី៣១ ខែឩសភា។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរស២នាក់ជិះម៉ូតូឌុបគ្នាពីលិចទៅកើត។មកដល់កន្លែងខាងលើក៏បត់ឆ្វេងឆ្លងផ្លូវ។ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកBMW បើកពីកើតទៅលិចក្នុងល្បឿនលឿន បានបុកម៉ូតូពេញទំហឹងបណ្តាលឱ្យជនរងគ្រោះទាំង២នាក់ខ្ទាតជាង១០ម៉ែត្រស្លាប់ម្នាក់ភ្លាមនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។

ក្រោយកើតហេតុតៃកុងបានបើករថយន្តចូលនៅក្នុងសាលាក្រុងព្រះសីហនុ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាជនជាតិចិន។មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ឱ្យមានមនុស្សស្លាប់និងរបួសនេះ ជនជាតិចិនបានជួលពីមន្ត្រីថ្នាក់ធំម្នាក់ក្នុងស្ថាប័នសមត្ថកិច្ច៕