នៅក្នុងពេលដែលប្រារព្ធពិធីជប់លៀងលើកប៉ាល់កម្សាន្តមួយ មានបុរសម្នាក់បានធ្លាក់ពីលើកប៉ាល់ចូលទៅក្នុងសមុទ្រនៃរដ្ឋផ្លរីដា ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បើតាមមន្ត្រីឆ្មាំឆ្នេរសមុទ្រអាម៉េរិកបានឲ្យដឹងថា មានបុរសអាយុ ៣៥ ឆ្នាំម្នាក់ បានធ្លាក់ពីលើនាវា Carnival Cruise ចូលទៅក្នុងសមុទ្រកាលពីថ្ងៃចន្ទនៅរដ្ឋ Florida។ ឆ្មាំឆ្នេរសមុទ្របាននិយាយនៅលើ Tweeter ថា ក្រុមនាវិកកំពុងស្វែងរកអ្នកដំណើរទេសចរនោះ។ គិតមកទល់ពេលនេះ ពួកគេបានខិតខំរុករកជនរងគ្រោះក្នុងទំហំ ៤,០៤៤ ម៉ាយការ៉េ និងបានចំណាយពេលអស់ ១៩ ម៉ោង នៅមិនទាន់រកបុរសដែលបានធ្លាក់គ្មានមូលហេតុនោះឃើញនៅឡើយ។
អ្នកនាំពាក្យរបស់ Carnival Cruise Lines បានប្រាប់ Fox News Digital ថា វីដេអូឃ្លីបរបស់សន្តិសុខ បានបង្ហាញពីរូបភាពរបស់បុរសនោះឲ្យឃើញថា គាត់បានផ្អែកខ្លួនលើរនាំងយ៉រខាងក្រៅនាវា ហើយក៏ស្រាប់តែធ្លាក់ចូលទៅក្នុងទឹកសមុទ្រ នៅវេលាម៉ោង ៤:១០ ព្រឹកថ្ងៃចន្ទ។ តែរហូតដល់រសៀលថ្ងៃដដែល ទើបដៃគូរបស់គាត់បានរាយការណ៍ថាគាត់បានបាត់ខ្លួន ក៏បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។
ស្រ្តីដែលជាដៃគូបុរសដែលបាត់ខ្លួនបាននិយាយទៀតថា ជនរងគ្រោះឈ្មោះ Ronnie Lee Peale Jr. មានអាយុ ៣៥ ឆ្នាំ។ នាងថា “ការជិះទូកកម្សាន្តនេះគឺជាលើកដំបូង” របស់គាត់។ នាងបន្ថែមថា “ពួកយើងបានជិះទូកកម្សាន្តដើម្បីអបអរថ្ងៃកំណើតរបស់ខ្ញុំ តែគួរឲ្យសោកស្ដាយដែលគាត់បានធ្លាក់ចូលក្នុងទឹកសមុទ្រ ហើយមកទល់នឹងពេលនេះនៅតែរកគាត់មិនទាន់ឃើញនៅឡើយ៕