សន្ដិសុខសង្គម

នឹងបញ្ជូនជនសង្ស័យ៨នាក់ប្លន់នៅផ្សារស្ទឹងមានជ័យកាលពីជាង១០ថ្ងៃមុនទៅតុលាការ

ដោយ៖វិចិត្រ

ភ្នំពេញ៖សមត្ថកិច្ចបានស្រាវជ្រាវចាប់ជនសង្ស័យចំនួន៨នាក់ ពាក់ព័ន្ធករណីប្លន់អ្នកលក់មាសនៅផ្សារស្ទឹងមានជ័យ កាលពីជាង១០ថ្ងៃមុន ត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មានករណីប្លន់យកកាបូបមានមាសចំនួន ១២តម្លឹង-ផ្លាកទីនទឹក៣និងទឹក៧ចំនួនជា១០០តម្លឹងនិងប្រាក់ជាងមួយលានរៀលនៅម្តុំក្រោយផ្សារស្ទឹងមានជ័យចាស់ ក្នុងភូមិថ្មី ខណ្ឌមានជ័យ។ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូ២គ្រឿងនិងរ៉ឺម៉កម៉ូតូ១គ្រឿង ប្រដាប់ដោយអាវុធខ្លី៤ដើម។ជនល្មើសបានធ្វើសកម្មភាពប្លន់ពេលជនរងគ្រោះកំពុងដើរស្ពាយកាបូបបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់អស់។

កម្លាំងនគរបាលភ្នំពេញបន្តស្រាវជ្រាវដល់ថ្ងៃទី៣០ ខែឧសភា បានចាប់ជនសង្ស័យចំនួន៨នាក់ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ-ខេត្តកណ្តាល-ខេត្តកំពង់ស្ពឺនិងខេត្តកំពង់ចាម។ជនសង្ស័យ៨នាក់មានអាយុពី៣១ដល់៥៥ឆ្នាំ នៅខណ្ឌបឹងកេងកងភ្នំពេញ-ខណ្ឌកំបូលភ្នំពេញ-ក្រុងតាខ្មៅខេត្តកណ្តាល-ស្រុកថ្ពងខេត្តកំពង់ស្ពឺ-ខណ្ឌមានជ័យភ្នំពេញនិងស្រុកព្រៃឈរខេត្តកំពង់ចាម។

ពេលចាប់ខ្លួន សមត្ថកិច្ចដកហូតអាវុធខ្លីម៉ាកK៥៩លេខ០៩១៥ចំនួន១ដើមនិងបង់១ -អាវុធខ្លីម៉ាកK៥៩លេខ ១២៨៧ចំនួន១ដើមនិងបង់ចំនួន១ -អាវុធខ្លីម៉ាកK៥៩លេខ៥៣២២ចំនួន១ ដើមនិងបង់១-អាវុធខ្លីម៉ាក CF៩៨លេខ ០០៥៧២៩០៧២៣៦ ចំនួន១ដើមនិងបង់២ -គ្រាប់អាវុធខ្លីម៉ាកK៥៩ចំនួន១០គ្រាប់-គ្រាប់អាវុធខ្លីម៉ាកCF៩៨ចំនួន១៨គ្រាប់-ទូរសព្ទ៤គ្រឿង-ម៉ូតូម៉ាកហុងដាហ្ស៊ូមមើផ្លាកលេខ១V-៩៦៣១-ម៉ូតូម៉ាកហុងដាឃ្លីកផ្លាកលេខភ្នំពេញ១០-២១៦២-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស ផ្លាកលេខភ្នំពេញ១GK-៧២៧៧ និងរ៉ឺម៉កម៉ូតូគ្មានផ្លាកលេខ១ គ្រឿង។

វត្ថុតាងចាប់បាន៖ គ្រឿងអលង្ការពណ៌លឿងស្លេកមួយចំនួនដូចជា-ខ្សែក,ចិញ្ចៀន,ខ្សែដៃ,បន្តោងខ្សែក។បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងត្រៀមបញ្ជួនទៅតុលាការដើម្បីចាត់ការបន្ត៕